ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រៀមកម្លាំងជាង៧០០នាក់ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅតំបន់ប្រាសាទសំបូរព្រៃគុក
AKP កំពង់ធំ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ(Road-Map) នៅតំបន់ប្រាសាទសំបូរព្រៃគុក ដោយមានកងកម្លាំងប្រធាននិងអនុប្រធានគោលដៅចូលរួមចំនួន៣៥នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានមានប្រសាសន៍ថា ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមខ្លួនរួចជាស្រេច ដោយដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយទាំងកម្លាំង មធ្យោបាយនិងផែនការប្រតិបត្តិការដើម្បីធានាការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនថ្នាក់ដឹកនាំ កីឡាករ កីឡាការិនី ភ្ញៀវជាតិ និងអន្តរជាតិដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គ(Road-Map) នៅតំបន់ប្រាសាទសំបូរព្រៃគុកនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈ ចេនឡាមុនសម័យអង្គរ»។ ព្រឹត្តិការណ៍នេះរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៩ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨កក្កដា ២០១៧ - ៨កក្កដា ២០២៦) ព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ បេតិកភណ្ឌនិងធម្មជាតិដើម្បីជំរុញកំណើនភ្ញៀវទេសចរក្នុងរដូវកាលបៃតង។
ដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយរលូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដាក់ពង្រាយកម្លាំងនគរបាលសរុបចំនួន៧០៥នាក់ ក្នុងនោះកម្លាំងស្នងការដ្ឋាននគរបាលខេត្តចំនួន១៦៥នាក់ និងកម្លាំងនគរបាលក្រុង-ស្រុកចំនួន៥៤០នាក់។ ជាមួយគ្នានេះក៏បានត្រៀមមធ្យោបាយប្រតិបត្តិការរួមមាន៖ រថយន្តសារ៉ែនចំនួន៧គ្រឿង រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង រថយន្តសង្គ្រោះចំនួន ២គ្រឿងម៉ូតូប្រដេញចំនួន៦ គ្រឿងនិងវិទ្យុទាក់ទងចំនួន ៤៥០គ្រឿង។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងអស់អនុវត្តន៍តួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ វិន័យ និងសាមគ្គីភាពដើម្បីធានាឱ្យព្រឹត្តិការណ៍ប្រព្រឹត្តទៅដោយសុវត្ថិភាព និងទទួលបានជោគជ័យ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរជាតិសំបូរព្រៃគុកនិងវិស័យឯកជន៕
ដោយ ស៊ុម វណ្ណា





