ឯកឧត្តម អាន ពេជ្រ ហត្ថដា ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យតាមដានសកម្មភាពអាជីវកម្មបូមខ្សាច់
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ នាថ្ងៃចន្ទទី២៩ ខែមិថុនា ឆ្នាំ២០២៦ និងបានដឹកនាំក្រុមការងារបច្ចេកទេសនៃលេខាធិការដ្ឋាន ចុះពិនិត្យ និងតាមដានផ្ទាល់នូវសកម្មភាពអាជីវកម្មបូមខ្សាច់ ស្ថិតក្នុងភូមិសាស្រ្តស្រុកស្អាង និងស្រុកកៀនស្វាយ ខេត្តកណ្តាល។

ការចុះពិនិត្យទីតាំងជាក់ស្តែងនោះ ឯកឧត្តមរដ្ឋលេខាធិការ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន និងតំណាងក្រុមហ៊ុន-សហគ្រាសទាំង ០៧ បានអញ្ជើញពិនិត្យស្ថានភាពច្រាំងទន្លេជុំវិញតំបន់ដីសណ្ត និងទីតាំងអាជីវកម្មបូមខ្សាច់ ព្រមទាំងបានស្តាប់របាយការណ៍ និងមតិយោបល់បច្ចេកទេសពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំយ៉ាងម៉ឺងម៉ាត់ដល់អង្គប្រជុំ និងតំណាងក្រុមហ៊ុនទាំងអស់ អំពីតួនាទីភារកិច្ចរបស់លេខាធិការដ្ឋាន ដោយសង្កត់ធ្ងន់ថា គ្រប់ក្រុមហ៊ុន-សហគ្រាស ត្រូវតែរួមគ្នាកែលម្អលក្ខណៈបច្ចេកទេសលើការសិក្សាផ្នែកជលវិទ្យា និងជលគតិឱ្យបានច្បាស់លាស់ ក្នុងន័យធានាឱ្យបាននូវការធ្វើអាជីវកម្មធនធានខ្សាច់ប្រកបដោយតម្លាភាព គណនេយ្យភាព និរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ព្រមទាំងកាត់បន្ថយផលប៉ះពាល់ជាអតិបរមា ដើម្បីផ្តល់ផលប្រយោជន៍ដល់សង្គមជាតិ និងបរិស្ថាន ស្របតាមគោលនយោបាយដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





