មជ្ឈមណ្ឌល ACCB បំពាក់ GPS ដាក់ជាប់នឹងជើងសត្វត្រយងចង្កំកសចំនួន ៤ ក្បាល ដែលបង្កាត់ពូជ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--មជ្ឈមណ្ឌល ACCB បានបំពាក់ឧបករណ៍តាមដាន (GPS) ដាក់ជាប់នឹងជើងសត្វត្រយងចង្កំកសចំនួន ៤ ក្បាល ដែលបង្កាត់ពូជនៅក្នុងមជ្ឍមណ្ឌលរបស់យើង ហើយគ្រោងនឹងលែងចូលទៅក្នុងជម្រកធម្មជាតិវិញនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ការដាក់ GPS នេះកាលពីដើមខែមិថុនា។ នេះបើតាមការឱ្យដឹងពីមជ្ឈមណ្ឌល ACCB នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។

មជ្ឈមណ្ឌល ACCB សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសួនសត្វ (Zlin-Lešná) នៅសាធារណរដ្ឋឆែកដែលបានបរិច្ចាគឧបករណ៍តាមដាន (GPS) ដោយចិត្តសប្បុរស។ ឧបករណ៍តាមដាននេះ បានធ្វើដំណើរពីប្រទេសប៉ូឡូញ ទៅកាន់ចក្រភពអង់គ្លេស និងមកដល់ប្រទេសកម្ពុជាយើងទាន់ពេលវេលាល្មម។ ដោយសារវាជាករណីដំបូងបង្អស់ដែលឧបករណ៍តាមដាននេះ ត្រូវបានប្រើប្រាស់ទៅលើប្រភេទសត្វនេះ ពួកយើងកំពុងសាកល្បងប្រើប្រាស់ឧបករណ៍ទៅលើសត្វត្រយង យ៉ាងហោចណាស់៤សប្តាហ៍នៅក្នុងទ្រុងបន្សាំសម្រាប់ការលែង។ ការសាកល្បងក្នុងកំឡុងពេលនេះ ដើម្បីធានាថា វានឹងដំណើរការទៅបានល្អដូចការរំពឹងទុក ដោយមិនបង្កភាពរំខាន ឬផលលំបាកណាមួយដល់សត្វស្លាប ប៉ុន្តែរហូតមកដល់ពេលនេះអ្វីៗគ្រប់យ៉ាងដំណើរការទៅបានល្អ ហើយសត្វទាំងក៏អស់បានត្រៀមរួចរាល់ក្នុងការលែងនាពេលខាងមុខ។ នេះគឺជាព្រិត្តិការណ៍មួយដ៏សំខាន់ ក្នុងការអភិរក្សប្រភេទសត្វដែលរងគ្រោះជិតផុតបំផុតនេះ ដែលអាចជួបប្រទះនៅតែមជ្ឈមណ្ឌល (ACCB) និងនៅតំបន់ភូមិសាស្ត្ររបស់ពួកវាដ៏តូចប៉ុណ្ណោះ។

នេះគឺជានិមិត្តរូបតំណាងឱ្យ នៃការលែងសត្វត្រយងចង្កំកស ជាលើកបូងបង្អស់របស់ពិភពលោក ទៅកាន់ជម្រកធម្មជាតិវិញ។ វាជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលអាចដំណើរការទៅបាន លុះត្រាណាតែមានការគាំទ្រឬឧបត្ថម្ភពីដៃគូរបស់ពួកយើងទាំងអស់គ្នា៕

ដោយ ណយ នឿន (ប្រភព៖ ACCB)





