បាល់ទះ «តេជោលីគ» រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦--ការប្រកួតកីឡាបាល់ទះ «តេជោលីគ» រដូវកាល ២០២៦ បានបញ្ចប់វគ្គសន្សំពិន្ទុជុំទី២ ដោយបានរកឃើញ៤ក្រុមខ្លាំងៗកំពូលតារាងនឹងត្រូវឡើងទៅប្រកួតប្រជែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ស្អែកនេះ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃស្អែកនេះ គឺក្រុមលេខ១ វិសាខា ត្រូវប្រជែងជាមួយក្រុមលេខ៤ ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខណៈក្រុមការពារម្ចាស់ជើងឯក បញ្ជាការដ្ឋានអង្គរក្ស ត្រូវប៉ះ ក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ចំពោះក្រុមចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតជាមួយគ្នាដណ្តើមចំណាត់ថ្នាក់លេខ៣ ខណៈ២ក្រុមឈ្នះៗឡើងឡើងទៅប្រកួតដណ្តើមម្ចាស់ជើងឯក ប្រចាំរដូវកាល ២០២៦នេះ ដោយ២ប្រកួតនេះគ្រោងនឹងធ្វើឡើងនាល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

ចំពោះលទ្ធផលប្រកួតសន្សំពិន្ទុ ជុំទី២ ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា និងក្រោយឆ្លងកាត់៥ប្រកួតដូចៗគ្នានោះ រួមមាន៖ ចំណាត់ថ្នាក់លេខ១ វិសាខា ឈ្នះទាំង៥ប្រកួត ទទួលបាន ១៤ពិន្ទុ, ក្រុមការពារជើងឯក បញ្ជាការដ្ឋានអង្គរក្ស ចំណាត់ថ្នាក់លេខ២ ឈ្នះ៤ និងចាញ់១ មាន១២ពិន្ទុ, ស្នងការខេត្តស្វាយរៀង ឈ្នះ៣ និងចាញ់២ មាន៩ពិន្ទុ ខណៈស្នងការរាជធានីភ្នំពេញ ឈរលេខ៤ មាន៦ពិន្ទុ ក្រោយឈ្នះ ២ និងចាញ់៣។ ចំពោះក្រុមក្រសួងមហាផ្ទៃ និងស្នងការខេត្តកោះកុង ដែលឈរលេខ៥ និងលេខ៦ បានធ្លាក់ចេញត្រឹមវគ្គជម្រុះជុំទី២.

ព្រឹត្តិការណ៍កីឡាបាល់ទះ តេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ មានក្លឹបខ្លាំងៗចូលរួមសរុបចំនួន៨ក្រុម ដោយជុំទី១ ទម្លាក់២ក្រុមបាតតារាង និងជុំទី២បន្តទម្លាក់២ក្រុមបាតតារាងទៀត ហើយនៅសល់៤ក្រុមចុងក្រោយត្រូវប្រកួតប្រជែងជុំផ្តាច់ព្រ័ត្រ។ ការប្រកួតទាំងអស់ត្រូវធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១៦ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយអនុញ្ញាតឱ្យដាក់បញ្ជូលកីឡាករបរទេសចូលរួមប្រកួតបាន៣នាក់លើទីលាន និងចុះឈ្មោះបាន៧នាក់ក្នុង១ក្លឹប។
គួរបញ្ជាក់ថា ចំពោះប្រាក់រង្វាន់មានរហូតដល់ជាង ១០០លានរៀល ដោយបែងចែកដល់ក្លឹបចូលរួមទាំង៨ ទទួលបាន ១លានរៀលដូចៗគ្នា ក្នុងជុំទី១ ហើយនៅជុំទី២ (៦ក្រុម) បាន២លានរៀល ក្នុង១ក្រុម ខណៈជុំទី៣ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ថែម ៤លានរៀល។ ក្រុមលេខ១ ជុំទី១ បានប្រាក់រង្វាន់បន្ថែម ៤លានរៀល ដោយក្រុមណាឈរលេខ១ ក្នុងពូលរបស់ខ្លួននឹងកើនឡើងនូវប្រាក់សន្សំរបស់ខ្លួន ហើយនៅជុំទី២ ក្រុមណាឈរលេខ១ ក៏ទទួលបានប្រាក់សន្សំ ៤លានរៀលបន្ថែម។ ចំពោះវគ្គផ្តាច់ព្រ័ត្រមានប្រាក់រង្វាន់ ៦០លានរៀល ហើយបើបូកប្រាក់សន្សំលេខ១ ជុំទី១ និងជុំទី២ទៀត សរុប រហូតដល់ ៦៨លានរៀល។ នេះបើតាមការពន្យល់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា៕
ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធ)





