អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនអញ្ជើញវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាលជូន អ.ន.ក.ខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- លោក អ៊ុំ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោក អ៊ុំ សុខ អគ្គលេខាធិការរង អ.ន.ក. បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិកអ.ន.ក.ថ្នាក់ខេត្ត និងសមាជិកអ.ន.ក. តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។ ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក. គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញពីគ្រូឧទ្ទេសដោយ ដែលមានជំនាញបទពិសោធន៍លើការងារសមាគមជាច្រើនឆ្នាំមក ដើម្បីយកធ្វើជាបទពិសោធន៍ ជាមេរៀនសម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ លោកប្រធានមន្ទីរ ស.អ.យ.ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្តជាច្រើនរូបផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន)





