កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការបង្កើនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានអោយបានទាន់ពេលវេលា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកនិង តំណាងអង្កការសង្គមស៊ីវិលផងដែរ។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា បានលើកឡើងអំពីរបៀបវារៈដូចជា៖ ១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានទម្រង់ជាសន្លឹកប្លាស្ទិក និង/ឬជាទម្រង់អេឡិចត្រូនិក ដែលអាចធ្វើអន្តរកម្មជាមួយប្រព័ន្ធផ្សេងទៀត សម្រាប់សេវាកម្មឌីជីថល។ ២. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវផ្តល់ជូនបុគ្គលមានសញ្ជាតិខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី១៥ឆ្នាំឡើង (រួមទាំងព្រះសង្ឃ បព្វជិតសាសនា ជនជាប់ឃុំ ឬជនវិបល្លាសស្មារតី។ល។)។ ៣. អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានសុពលភាពរយៈពេល ១០ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៥ឆ្នាំ រហូតដល់ក្រោម ៦០ឆ្នាំ និងមានសុពលភាព «អចិន្ត្រៃយ៍» គិតចាប់ពីកាលបរិច្ឆេទផ្តល់ចំពោះបុគ្គលដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង។ ៤. របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងទាំងបីប្រភេទ មន្ទីរពាក់ព័ន្ធ ត្រូវបន្តខិតខំប្រឹងប្រែងបង្កើនេធ្វើអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋអាចប្រើប្រាស់អត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរក្នុងគោលបំណងផ្សេងៗ ដូចជា ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវារដ្ឋបាលផ្សេងទៀត។ ប្រជាពលរដ្ឋខ្មែរ ដែលកាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬសុពលភាពនៅតិចជាង១៨០ថ្ងៃ សូមរួសរាន់ដាក់ពាក្យស្នើសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី (ទុតិយតា) ដោយត្រូវបំពេញបែបបទ និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនទៅមន្ត្រីមានសមត្ថកិច្ច។

ក្នុងបរិបទនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាបានបញ្ជាក់ទៀតថា ស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ត្រូវគិតគូជាចម្បងចូលរួមជាមួយរដ្ឋបាលខេត្តដើម្បីជម្រុញផ្ដល់ការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋនៅដាច់ស្រយ៉ាលឱ្យយល់ដឹង និងចូលរួមសហការធ្វើអត្តសញ្ញាណប័ណ្ណដែលជាការរួមចំណែក ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ៕

ដោយ បៃ ស៊ីថុន





