ក្រុមហ៊ុន K Cement និងសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិរង់ចាំស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦-- ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខ និងដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រុមហ៊ុន ខេ ស៊ីមេន (K Cement) រួមជាមួយសប្បុរសជន បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ មកប្រគល់ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងបន្តជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ៧ភូមិ ដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះ បានរៀបចំឡើងកាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រុមហ៊ុន សប្បុរសជន ព្រមទាំងមន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូប។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ឃ្លោក នួយ ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន ខេ ស៊ីមេន (K Cement) និងសប្បុរសជនទាំងអស់ ដែលបានបង្ហាញទឹកចិត្តសប្បុរសធម៌ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីជួយសម្រាលការលំបាកដែលជាតម្រូវការខ្វះខាតចំពោះមុខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា កាយវិការមនុស្សធម៌ និងការចែករំលែកដ៏មានតម្លៃរបស់ក្រុមហ៊ុន K Cement និងសប្បុរសជននាពេលនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវាបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព មនសិការសង្គម និងវប្បធម៌នៃការចែករំលែក “ខ្មែរជួយខ្មែរ” ក្នុងគ្រាលំបាក។
ជាមួយគ្នានេះ លោក ឃ្លោក នួយ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រង និងបែងចែកអំណោយទាំងនេះ ឱ្យទៅដល់ដៃបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ៧ភូមិ ដែលកំពុងស្នាក់នៅផ្ទះអតីតយុទ្ធជនដោយតម្លាភាព និងទាន់ពេលវេលា។

សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំង ៧ភូមិ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក នាពេលបច្ចុប្បន្ន តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងសប្បុរជននានាក្នុងការគិតគូរពីសុខទុក្ខ សុវត្ថិភាព ព្រមទាំងការសម្របសម្រួលជីវភាពរស់នៅ មិនឱ្យមានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ចោល ឬដាច់ស្បៀងអាហារដោយអាជ្ញាធរមិនបានដឹងនោះឡើយ៕
ដោយ ឈុន សារ៉ាត





