ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលា បុកគ្រឹះសាងសង់អគារថ្មីរបស់វិទ្យាស្ថានជាតិស្ថិតិ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលា បុកគ្រឹះចាប់ផ្តើមសាងសង់អគារថ្មីរបស់វិទ្យាស្ថានជាតិស្ថិតិ ដែលមានកម្ពស់៨ជាន់ មានទីតាំងស្ថិតនៅបរិវេណសាលាជាតិផែនការនិងស្ថិតិ មានទីភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរយៈពេល៣ឆ្នាំ ដោយអនុវត្តគម្រោងសាងសង់ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ តទៅ។
រអញ្ជើញចូលរួមក្នុងពិធីមាន ឯកឧត្តម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នាយក ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការនៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការជាច្រើនរូប។


ឯកឧត្តមរដ្ឋមន្ត្រី៖ ការប្រារព្ធពិធីនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយសម្រាប់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ក៏ដូចជាការសម្រេចបានសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងផែនការ ក្នុងដំណើរការពង្រឹងសមត្ថភាពស្ថាប័ន និងការធ្វើទំនើបកម្មប្រព័ន្ធស្ថិតិជាតិកម្ពុជា ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រេចលើទិសដៅការងារកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់វិទ្យាស្ថានជាតិស្ថិតិ និងការសាងសង់អគារថ្មីសម្រាប់វិទ្យាស្ថានជាតិស្ថិតិ ដោយប្រើប្រាស់ទីតាំងរបស់សាលាជាតិផែនការនិងស្ថិតិ ដើម្បីរៀបចំកន្លែងធ្វើការសមរម្យសម្រាប់មន្ត្រីរាជការរបស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។អគារថ្មីដែលត្រូវប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋាននាពេលនេះ មិនមែនគ្រាន់តែជាសំណង់រូបវន្តមួយប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការវិនិយោគលើចំណេះដឹង ទិន្នន័យ ភស្តុតាង និងអនាគតនៃការអភិវឌ្ឍប្រទេសជាតិ។ អគារនេះនឹងក្លាយជាមជ្ឈមណ្ឌលស្ថិតិទំនើប ដែលបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលទាន់សម័យ សម្រាប់គាំទ្រដល់ការផលិត ការគ្រប់គ្រង និងការផ្សព្វផ្សាយទិន្នន័យស្ថិតិផ្លូវការរបស់កម្ពុជា ដើម្បីការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិឱ្យកាន់តែរឹងមាំ។


អគារថ្មីនេះនឹងក្លាយជានិមិត្តរូបនៃការចាប់ផ្តើមដំណាក់កាលថ្មីមួយនៃការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិកម្ពុជានិងជាមូលដ្ឋានដ៏រឹងមាំសម្រាប់កសាងសង្គមដែលសម្រេចចិត្តដោយផ្អែកលើទិន្នន័យ និងភស្តុតាងពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់វិទ្យាស្ថានជាតិស្ថិតិ និងភាគីពាក់ព័ន្ធ នូវ៣ចំណុចដូចខាងក្រោម៖
ទី១. បន្តពង្រឹង និងអភិវឌ្ឍវិទ្យាស្ថានជាតិស្ថិតិឱ្យក្លាយជាស្ថាប័នស្នូល ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងការផលិត គ្រប់គ្រង ប្រើប្រាស់ និងចែករំលែកទិន្នន័យស្ថិតិផ្លូវការដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិផ្អែកលើភស្តុតាង។
ទី២. ជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការកសាងប្រព័ន្ធទិន្នន័យជាតិរួម ដែលមានការតភ្ជាប់ រវាងស្ថាប័នរដ្ឋគ្រប់ថ្នាក់ ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ទិន្នន័យរដ្ឋបាល ទិន្នន័យភូមិសាស្ត្រ ទិន្នន័យធំ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាពនៃការផលិតទិន្នន័យ។
ទី៣. បន្តវិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងការកែលម្អបរិយាកាសការងារ ដោយប្រើប្រាស់អគារថ្មីនេះ ជាមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍ និងឧត្តមភាពស្ថិតិ ក្នុងគោលបំណងគាំទ្រដល់ការសម្រេចចិត្ត និងការរៀបចំគោលនយោបាយសាធារណៈប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងផែនការ)





