ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦–នាថ្ងៃចន្ទទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង រួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរជំនាញពាក់ព័ន្ធ ចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំជាប្រចាំឆ្នាំ២០២៦ (ដំណាក់កាលទី១) ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។ ឯកឧត្តមនិងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យវាយតម្លៃការងារថែទាំប្រព័ន្ធធារាសាស្ត្រចំនួន ៣ទីតាំង រួមមាន៖
ទី១-ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង៖ ប្រព័ន្ធនេះមានប្រភពទឹកពីស្ទឹងបរិបូណ៌ ដោយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៦៦៣៨ ហិកតា ក្នុងនោះ ស្រូវវស្សា ៥០៨៣ ហិកតា និងស្រូវប្រាំង ១៥៥៥ ហិកតា។


ទី២-ប្រព័ន្ធធារាសាស្ត្រប៉ូរាមគុណ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង៖ ប្រព័ន្ធនេះមានប្រភពទឹកពីស្ទឹងមោងឫស្សី មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ៧២០០ ហិកតា ក្នុងនោះ ស្រូវវស្សា ៧២០០ ហិកតា និងស្រូវប្រាំង ៧០០ ហិកតា ហើយក៏ជាប្រឡាយយុទ្ធសាស្ត្រជួយរំដោះទឹកជំនន់ផងដែរ។
ទី៣-ប្រព័ន្ធធារាសាស្ត្រកង្ហត ស្ថិតក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង៖ ប្រព័ន្ធនេះទទួលបានទឹកពីអាងសេកសក និងផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ ដោយដើរតួនាទីសំខាន់ក្នុងការស្រោចស្រព គ្រប់គ្រងទឹកជំនន់ និងជាផ្លូវដឹកជញ្ជូនកសិផល។
ជាមួយគ្នានេះ ប្រព័ន្ធកង្ហតអាចស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៧០០០០ហិកតា ស្រូវប្រាំង ២៥៧៤១ហិកតា និងដំណាំរួមផ្សំ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកចំនួន៤ (បាណន់ មោងឫស្សី គាស់ក្រឡ និងសង្កែ)។


ឯកឧត្តម និងក្រុមការងារអន្តរក្រសួង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម លើការងារជួសជុល និងការថែទាំ (O&M) ជាប្រចាំបានយ៉ាងល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីធានាបាននូវគុណប្រយោជន៍យូរអង្វែងសម្រាប់ជាសាធារណៈ រួមមាន៖ ការងារស្រោចស្រព ផ្លូវគមនាគមន៍ ទឹកស្អាតសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាកសិករ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹកនិងឧតុនិយម)





