មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មផ្តល់គន្លឹះចំនួន៣ក្នុងវេទិកាស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២៦–លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវគន្លឹះចំនួន៣ក្នុងពិធីបើកកិច្ចសន្ទនាគោលនយោបាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»។
ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នាសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវ យ៉ើ អាស៊ីគីន បានឱ្យដឹងថា វិស័យកសិកម្មនៅតែជាសសរស្តម្ភអាទិភាពនៃសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្នាំ២០៣០ សំដៅប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានការប្រកួតប្រជែង បរិយាបន្ន និងភាពធន់។


ជាមួយគ្នានេះ ដើម្បីបំប្លែងកិច្ចសន្ទនានេះទៅជាសកម្មភាពជាក់ស្តែង លោកជំទាវបានផ្តល់អនុសាសន៍គន្លឹះចំនួន៣រួមមាន៖ ១. ការបង្កើតយន្តការវេទិកាចែករំលែកបទពិសោធល្អៗ ៖ បង្កើតបណ្តាញរួមដើម្បីឱ្យកសិករ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និងបច្ចេកវិទ្យាជោគជ័យ។ ២. ផ្តោតលើនវានុវត្តន៍កសិអេកូឡូស៊ីដែលផ្តល់ផលប្រយោជន៍ទ្វេរដង ៖ ធានាឱ្យមានតុល្យភាពរវាង «ចំណូលកសិករ» និង «និរន្តរភាពបរិស្ថាន» តាមរយៈការកាត់បន្ថយថ្លៃដើម បង្កើនទិន្នផល និងបង្កើតតម្លៃបន្ថែមលើទីផ្សារ។ ៣. ជំរុញសកម្មភាពរួមគ្នារវាងរដ្ឋ និងឯកជន៖ រដ្ឋ និងដៃគូអភិវឌ្ឍន៍គាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ចំណែកឯវិស័យឯកជនវិនិយោគលើខ្សែច្រវាក់តម្លៃ និងធានាការបញ្ជាទិញកសិផលក្នុងតម្លៃសមរម្យ៕


ដោយ៖មករា





