ឯ.ឧ សរ សិទ្ធិ លើកទឹកចិត្តជម្រើសជាតិទូក មុនទៅហាត់នៅប៉ូឡូញ
ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកទឹកចិត្ត និងជំរុញឱ្យកីឡាករជម្រើសជាតិទូកប្រឹងប្រែងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសឱ្យបានល្អប្រសើរ នៅក្នុងការហ្វឹកហាត់នៅប្រទេសប៉ូឡូញ ពីថ្ងៃទី០២-១២ ខែកក្កដាខាងមុខ។

ការលើកទឹកចិត្តនេះធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងប្រគល់ថវិកាឧបត្ថម្ភរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកដល់ប្រតិភូ កីឡាករជម្រើសជាតិទូកកានូ កាយ៉ាក់កម្ពុជាសរុប ៥នាក់ ដែលដឹកនាំដោយឯកឧត្តម ចាយ ស៊ីជឿន អគ្គលេខាធិការរងសហព័ន្ធទទួលបន្ទុក ប្រតិភូ។ ឯកឧត្តម សរ សិទ្ធិ បានក្រើនរម្លឹកដល់កីឡាករទាំង៤នាក់ថា ការចូលរួមហ្វឹកហាត់នៅប្រទេសប៉ូឡូញនេះ រឿងដែលកីឡាករត្រូវធ្វើមុនគេ គឺត្រូវគោរពវិន័យ សីលធម៌ល្អ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្តាប់ការពន្យល់របស់គ្រូបង្វឹកបរទេសឱ្យបានខ្ពស់ និងខិតខំប្រឹងប្រែងហ្វឹកហាត់ដុសខាត់គុណភាពបច្ចេក ទេសឱ្យកាន់តែប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតអន្តរជាតិ នានា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍ឱ្យជម្រើសជាតិកីឡាទូកយកអស់កម្លាំងចិត្ត បេះដូងជាអ្នកកីឡាសម្រួចបច្ចេកទេសឱ្យកាន់តែមុតស្រួចផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានស្នើសុំប្រតិភូ កីឡាករផ្នែកកីឡាទូកកានូ ចំនួន០៥នាក់របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីចូលរួមទស្សនកិច្ចជាផ្លូវការ រវាង ប្រទេសកម្ពុជា និងប្រទេសប៉ូឡូញ ក្នុងវិស័យកីឡាលើទឹក ជាមួយគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ក្នុងការបំពេញទស្សនកិច្ច នៅប្រទេសប៉ូឡូញ ដែលចាប់ពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងគោលបំណងសំខាន់ៗ នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសប៉ូឡូញ ក្នុងការជំរុញវិស័យទេសចរណ៍ និងកីឡា ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ក្នុងកិច្ចការងារអភិវឌ្ឍសមត្ថភាពកីឡាយុវជន។

គួរបញ្ជាក់ថា ចំពោះការទៅចូលរួមទស្សនកិច្ចនេះ ជាបន្ទុករបស់សហភាពសហព័ន្ធយុវជន កម្ពុជារាជធានីភ្នំពេញ។ ដោយឡែក ឯកសហព័ន្ធជួយឧបត្ថម្ភប្រាក់ហោប៉ៅ ជូនដល់ប្រតិភូកីឡាទូក ចំនួន០៥នាក់ ដោយប្រើប្រាស់កញ្ចប់ថវិកាទ្រទ្រង់ប្រចាំឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ុងកម្ពុជា៕
ដោយ ហេង ណាលីន





