រដ្ឋបាលខេត្តសៀមរាប និង JICA បន្តសហការអភិវឌ្ឍទីក្រុងឆ្លាតវៃ សំដៅលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋ
AKP សៀមរាប ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--រដ្ឋបាលខេត្តសៀមរាប សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះបានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ វេទិកាទីក្រុងឆ្លាតសៀមរាប នៃគម្រោងទីក្រុងឆ្លាតវៃ ខេត្តសៀមរាប ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ បើកឱកាសឱ្យរដ្ឋនិងឯកជនពិភាក្សាប្រមូលធាតុចូល និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យអាទិភាព រួមមាន ចរាចរណ៍ សន្តិសុខ បរិស្ថាន និងទេសចរណ៍ ដើម្បីប្រែក្លាយក្រុងសៀមរាបឱ្យទៅជាទីក្រុងបេតិកភ ណ្ឌទេសចរណ៍ដ៏ទំនើប មានសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចិរភាព។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានបង្ហាញការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយទីភ្នាក់ងារ JICA នៃប្រទេសជប៉ុន ដែលបានរួមចំណែកជំរុញការអភិវឌ្ឍទីក្រុងសៀមរាប តាមរយៈការអនុវត្តគម្រោងសាកល្បងទីក្រុងឆ្លាតវៃចំនួន១០ ក្នុងដំណាក់កាលទី១ ដែលទទួលបានលទ្ធផលជោគជ័យ។ សម្រាប់ដំណាក់កាលទី២ រដ្ឋបាលខេត្តមានទិសដៅបន្តអនុវត្តគម្រោងឆ្លាតវៃចំនួន ៨ បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងដោះស្រាយបញ្ហាប្រឈមនានា សំដៅប្រែក្លាយក្រុងសៀមរាបឱ្យក្លាយជាទីក្រុងឆ្លាតវៃ ប្រកបដោយចីរភាព។

ឯកឧត្ដម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសម្របសម្រួល និងដឹកនាំការងារទីក្រុងឆ្លាត បានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ខេត្តសៀមរាប ក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដោយឯកឧត្ដមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍខេត្តសៀមរាបឱ្យក្លាយទៅជាទីក្រុងឆ្លាត មិនត្រឹមតែជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការទាក់ទាញការវិនិយោគ វិស័យទេសចរណ៍ និងបង្កើនភាពប្រកួតប្រជែងរបស់ខេត្តនៅក្នុងតំបន់ផងដែរ។

ឯកឧត្ដមក៏បានបង្ហើបផងដែរថា ក្រសួងមហាផ្ទៃកំពុងរៀបចំឯកសារយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍទីក្រុងឆ្លាត រយៈពេល ១០ឆ្នាំ (២០២៥-២០៣៥) ដើម្បីធ្វើជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយរំពឹងថាខេត្តសៀមរាបនឹងក្លាយជាគំរូទីក្រុងឆ្លាតដ៏លេចធ្លោមួយនៅក្នុងតំបន់នាពេលឆាប់ៗខាងមុខ៕

ដោយ៖ ឃុត សៅ





