ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ខែមិថុនា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបាយការណ៍លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែមិថុនា និងលើកទិសដៅការងារអនុវត្តន៍បន្តខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា ដោយសារពេលនេះឈានចូលរដូវវស្សា និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ សូមណែនាំដល់ថ្នាក់ដឹកនាំត្រូវរៀបចំផែនការសកម្មភាពការងារ និងការត្រៀមបម្រុងឱ្យបានល្អប្រសើរ ដើម្បីបញ្ជៀសហានិភ័យគ្រោះមហន្តរាយដែលបង្កឡើងដោយកត្តាធម្មជាតិនានា។ ឯកឧត្តម បានស្នើឱ្យមានការចុះត្រួតពិនិត្យតាមបណ្តាកងរុករក និងសង្គ្រោះ ដែលជាកម្លាំងមានជំនាញក្នុងការចុះប្រតិបត្តិការ អន្តរាគមន៍ចំពោះគ្រោះមហន្តរាយដែលអាចកើតឡើងជាយថាហេតុផងដែរ។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធានទី២ ឯកឧត្តម អនុប្រធាន ឯកឧត្តម ទីប្រឹក្សា ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ និងអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងមន្រ្តីជាច្រើនរូប៕

ដោយ ណយ នឿន (ប្រភព៖គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





