កូរ៉េខាងត្បូង និងជប៉ុន យល់ព្រមបន្តការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងវិស័យបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងការពារជាតិសេអ៊ូលបាននិយាយថា ប្រមុខការពារជាតិកំពូលនៃប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានព្រមព្រៀងគ្នាកាលពីថ្ងៃអាទិត្យ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងបច្ចេកវិទ្យាទំនើបៗដូចជា បញ្ញាសិប្បនិម្មិត (AI)។
ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា បន្ទាប់ពីកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អាន យូប៊ែក (Ahn Gyu-back) និងរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កយហ្សូមី (Shinjiro Koizumi) នៅទីក្រុងសេអ៊ូល ខណៈដែលភាគីទាំងពីរស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ ក្នុងអំឡុងពេលដែលទំនាក់ទំនងទ្វេភាគីមានភាពប្រសើរឡើង។
សេចក្តីថ្លែងការណ៍សារព័ត៌មានរួមមួយដែលចេញផ្សាយបន្ទាប់ពីការចរចាបាននិយាយថា «រដ្ឋមន្ត្រីទាំងពីរបានព្រមព្រៀងគ្នាបន្តជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងក្រុមកងទ័ពអាកាសនៃប្រទេសទាំងពីរគឺក្រុម Black Eagles របស់ប្រទេសកូរ៉េខាងត្បូង និងក្រុម Blue Impulse របស់ប្រទេសជប៉ុន»។
ក្រសួងបានបន្ថែមថា «ពួកគេក៏បានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍបន្ថែមទៀតនូវសមយុទ្ធស្វែងរក និងជួយសង្គ្រោះសម្រាប់គ្រាអាសន្នតាមសមុទ្រផ្សេងៗ និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងនៅក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបៗ រួមទាំង AI »។
លោក កយហ្សូមី បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃមុនសម្រាប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក អាន ទៅកាន់ប្រទេសជប៉ុនកាលពីខែមករាដើម្បីពិភាក្សាជាមួយសមភាគីជប៉ុន។
ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើង ខណៈដែលប្រទេសកូរ៉េខាងត្បូង និងជប៉ុនកំពុងស្វែងរកការកសាងសន្ទុះវិជ្ជមាននៅក្នុងទំនាក់ទំនងការពារជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរបស់ពួកគេបន្ថែមទៀត។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ និងការបង្កើតសន្តិភាពយូរអង្វែងនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





