រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ជួបពិភាក្សាគ្នាលើទំនាក់ទំនងទ្វេភាគី និងសន្តិសុខក្នុងតំបន់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក ហ្វូអេដ ហូសស៊ីន (Fuad Hussein) បានជួបជាមួយសមភាគីអ៊ីរ៉ង់លោក សេយេដ អាប់បាស់ អារ៉ាកជី (Seyed Abbas Araghchi) កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងសន្តិសុខក្នុងតំបន់។
លោក ហូសស៊ីន បានគូសបញ្ជាក់ពីទំនាក់ទំនងប្រវត្តិសាស្ត្ររវាងប្រទេសជិតខាងទាំងពីរ ក៏ដូចជាសារៈសំខាន់នៃការរក្សាការសម្របសម្រួលនិងការពិគ្រោះយោបល់លើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួម ដោយលោកបានអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ាក់។
លោក ហូសស៊ីន បាននិយាយថា ទីក្រុងបាកដាដនឹងបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួន ដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
ចំពោះលោកវិញ លោក អារ៉ាកជី បាននិយាយថា ប្រទេសអ៊ីរ៉ាក់គឺជាមិត្ត អ្នកជិតខាង និងដៃគូយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ហើយលោកបានបញ្ជាក់ពីការគាំទ្ររបស់អ៊ីរ៉ង់ចំពោះអ៊ីរ៉ាក់ក្នុងវិស័យផ្សេងៗ។
លោក អារ៉ាកជី បានកត់សម្គាល់ថា អនុស្សរណៈនៃការយោគយល់គ្នាសន្តិភាពអ៊ីរ៉ង់-សហរដ្ឋអាមេរិក (MoU) ដែលទើបចុះហត្ថលេខាថ្មីៗនេះតំណាងឱ្យជំហានដំបូងឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងចុងក្រោយ។
លោកបានពិនិត្យឡើងវិញនូវចក្ខុវិស័យរបស់អ៊ីរ៉ង់លើការពង្រឹងបទឈប់បាញ់ដ៏ទូលំទូលាយ និងការរំពឹងទុកដែលកិច្ចព្រមព្រៀងអាចបើកសម្រាប់ស្ថិរភាព និងសន្តិសុខក្នុងតំបន់កាន់តែច្រើន។
ទោះបីជាមានអនុស្សរណៈនៃការយោគយល់គ្នាសន្តិភាព និងការចរចាជាបន្តបន្ទាប់ឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយក៏ដោយ សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ បានបាញ់ប្រហារគ្នាកាលពីចុងសប្តាហ៍។
សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារលើគោលដៅអ៊ីរ៉ង់កាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយលើកឡើងពី «ការឈ្លានពានជាបន្តបន្ទាប់របស់អ៊ីរ៉ង់ប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្ម» នៅច្រកសមុទ្រហ័រមូស។ អ៊ីរ៉ង់បានឆ្លើយតបដោយការវាយប្រហារលើទីតាំងយោធាសហរដ្ឋអាមេរិកនៅទ្វីបអាស៊ីភាគខាងលិច៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





