មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា»
AKP កំពង់ស្ពឺ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិ ការ ក្រសួងពាណិជ្ជកម្ម និងលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា» ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត តំណាងក្រុមហ៊ុន សហគ្រាស ធុរជន អ្នកនាំចេញ និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត សិក្ខាសាលានេះដែរប្រារព្ធធ្វើនៅសាលប្រជុំមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ។

លោក ញ៉ឹល សំបូរ ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះនាយកដ្ឋានអាម៉េរិកនៃក្រសួងពាណិជ្ជកម្មដែលបានសហការរៀបចំសិក្ខាសាលានេះ និងបានលើកទឹកចិត្តដល់ធុរជន ផលិតករ ព្រមទាំងនិស្សិត និងអ្នកស្រាវជ្រាវទាំងអស់នៅក្នុងខេត្ត ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹងពីមន្ត្រីជំនាញ និងវាគ្មិន ដើម្បីយកទៅអនុវត្តផ្ទាល់ក្នុងអាជីវកម្ម និងការសិក្សាស្រាវជ្រាវរបស់ខ្លួន ក្នុងគោលដៅ សម្រាប់ផលិតផលសក្តានុពលដែលមានប្រភពដើមកំណើតទំនិញនៅខេត្តកំពង់ស្ពឺ រួមមាន ផលិតផលកសិកម្ម ឧស្សាហកម្ម សិប្បកម្ម វាយនភ័ណ្ឌ និងស្បែកជើង ជាពិសេផលិតផលល្បីៗរបស់ខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។

នៅក្នុងឱកាសនោះ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្ត ដែលបានសហការគ្នារៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ លោកបានគូសបញ្ជាក់ថា ប្រទេសកាណាដាគឺជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្ពស់ ហើយការយល់ដឹងអំពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញ គឺជាសោរគន្លឹះក្នុងការបើកផ្លូវឱ្យផលិតផលខ្មែរ អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ លោកក៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងការបន្តគាំទ្រ សម្របសម្រួល និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិស័យឯកជន ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងខេត្តឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ទីផ្សារប្រទេសកាណាដា គឺជាទីផ្សារដ៏ធំ និងមានសក្តានុពលខ្ពស់មួយសម្រាប់ទំនិញរបស់កម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម តែងតែខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបើកច្រកទីផ្សារថ្មីៗ និងការរក្សាប្រព័ន្ធអនុគ្រោះពន្ធនានា ដើម្បីជួយសម្រួលដល់ការនាំចេញ។ ទោះជាយ៉ាងណា ដើម្បីទាញយកផលប្រយោជន៍បានអតិបរមាពីទីផ្សារនេះ ទាមទារឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ត្រូវក្តាប់ឱ្យជាប់នូវបទប្បញ្ញត្តិគតិយុត្ត នីតិវិធីនាំចេញ និងជាពិសេសនោះគឺ លក្ខខណ្ឌប្រភពដើមទំនិញ ដើម្បីធានាបាននូវការអនុគ្រោះពន្ធត្រឹមត្រូវ និងជៀសវាងរាល់ហានិភ័យផ្សេងៗ។

ឯកឧត្តមបានបន្តទៀតថា ជាក់ស្តែង ប្រទេសកាណាដាបានផ្តល់នូវកម្មវិធីអនុគ្រោះពន្ធនានា ដែលជាឱកាសដ៏វិសេសវិសាលសម្រាប់កម្ពុជា ប៉ុន្តែវាក៏តម្រូវឱ្យយើងមានការទទួលខុសត្រូវខ្ពស់លើភាពត្រឹមត្រូវនៃឯកសារ ស្ដង់ដារអនាម័យ និងវិធានដើមកំណលតទំនិញផងដែរ។ ដូច្នេះ សិក្ខាសាលានៅថ្ងៃនេះ មិនត្រឹមតែជាការចែករំលែកព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្កើតវេទិកាពិភាក្សា និងតម្រង់ទិសដោយផ្ទាល់ ដើម្បីជួយសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនវិស័យឯកជន ក្នុងការត្រៀមខ្លួនដណ្តើមយកចំណែកទីផ្សារដ៏មានសក្តានុពលមួយនេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ ក៏ដូចជាវិស័យឯកជន ផលិតករ និងសហគ្រាសទាំងអស់ក្នុងខេត្ត ដែលបានខិតខំកែច្នៃ និងលើកកម្ពស់គុណភាពផលិតផលក្នុងស្រុកនាពេលកន្លងមក។

ឯកឧត្តមបានផ្តល់អនុសាសន៍ណែនាំដល់អ្នកចូលរួមទាំងអស់ ពិសេសយុវជន និស្សិត និងអ្នកស្រាវជ្រាវ ត្រូវបន្តយកចិត្តទុកដាក់សិក្សាស្វែងយល់បន្ថែមអំពីនិន្នាការសេដ្ឋកិច្ចសកល និងបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍខ្សែច្រវាក់តម្លៃផលិតផលខ្មែរ ចាប់តាំងពីដំណាក់កាលផលិត រហូត ដល់ដៃអ្នកប្រើប្រាស់នៅក្រៅប្រទេស ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរ ភាពផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





