លោក ឃ្លោក នួយ នាំយកផ្ទះអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនគ្រួសារអតីតយុទ្ធជននិវត្តជនខ្វះខាត ៧គ្រួសារ នៅស្រុកភ្នំស្រុក
AKP បន្ទាយមានជ័យថ្ងៃទី២៩ ខែ មិថុនាឆ្នាំ២០២៦--ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ បន្តស្តែងឱ្យឃើញនូវការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅបំផុត ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាអ្នកមានគុ ណបំណាច់ចំពោះជាតិមាតុភូមិ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ពិធីប្រគល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្ត ជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានរៀបចំឡើងយ៉ាងកក់ក្តៅជូនដល់គ្រួសារអតីតយុទ្ធ ជននិវត្តជនដែលមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ពិធីដ៏មានអត្ថន័យនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងដីធ្លី នគរូប នីយកម្ម និងសំណង់ (អ.ន.ក.) ខេត្តបន្ទាយមានជ័យ តំណាងឱ្យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក ឃ្លោក នួយ បានពាំនាំនូវការសាកសួរសុខទុក្ខយ៉ាងមុតមាំ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកឧត្តមអភិបាលខេត្ត ជូនដល់បងប្អូនអតីតយុទ្ធជននិវត្តជន និងក្រុមគ្រួសារទាំងអស់។
លោកអភិបាលរងខេត្ត បានថ្លែងគូសបញ្ជាក់យ៉ាងស៊ីជម្រៅថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជានិច្ចកាលតែងតែដក់ជាប់ក្នុងចិត្ត និងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ សុខភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និវត្តជន និងគ្រួសារជនពិការ។ ថ្នាក់ដឹកនាំមិនដែលបោះបង់ចោលបងប្អូនណាម្នាក់ឡើយ ជាពិសេសអ្នកដែលបានលះបង់កម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិនាពេលកន្លងមក។ ការផ្តល់ជម្រកដ៏រឹងមាំនាពេលនេះ គឺជាការតបស្នងសងគុណ និងជាការជួយសម្រាលទុក្ខលំបាក ឱ្យបងប្អូនមានជម្រកសមរម្យ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងមានភាពកក់ក្តៅក្នុងសហគមន៍។
លោកក៏បានផ្តាំផ្ញើដល់គ្រួសារអតីតយុទ្ធជននិវត្តជនទាំងអស់ ដែលទទួលបានផ្ទះថ្មី ត្រូវខិតខំថែរក្សាសុខភាព បង្កើនការដាំដុះ និងចិញ្ចឹមសត្វជុំវិញផ្ទះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងត្រូវរួមរស់ជាមួយគ្នាដោយសាមគ្គីភាព និងការយោគយល់អធ្យាស្រ័យខ្ពស់ នៅក្នុងភូមិតេជោសន្តិភាពនេះ។

ជាការឆ្លើយតប តំណាងគ្រួសារអតីតយុទ្ធជននិវត្តជនដែលទទួលបានផ្ទះអំណោយនាពេលនេះ បានសម្តែងនូវអារម្មណ៍រំភើបញាប់ញ័រ រហូតស្រក់ទឹកភ្នែកដោយក្តីត្រេកអរជាពន់ពេក។ ពួកគាត់បានលើកឡើងថា កន្លងមកជីវភាពជួបការលំបាកខ្លាំង គ្មានលទ្ធភាពសាងសង់ផ្ទះសម្បែងសមរម្យនោះឡើយ ជារឿយៗតែងព្រួយបារម្ភរាល់ពេលមានភ្លៀងខ្យល់ម្តងៗ។
បងប្អូនអតីតយុទ្ធជននិវត្តជនបានថ្លែងទាំងក្តីក្តុកក្តួលថា «ពួកយើងខ្ញុំដឹងគុណជាអនេកចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកមិនដែលភ្លេចពួកយើងទោះបីជាពួកយើងបានចូលនិវត្តន៍ហើយក៏ដោយ។ ផ្ទះថ្មីដ៏រឹងមាំនេះ មិនត្រឹមតែជាជម្រកការពារកម្តៅថ្ងៃនិងទឹកភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែវាជាកម្លាំងចិត្តដ៏ធំធេង និងជាកិត្តិយសសម្រាប់គ្រួសារពួកយើងខ្ញុំ។ ពួកយើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យជូន សម្តេចទាំងទ្វេ ព្រមទាំងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំ និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋតទៅប្រភពរាប់រយជំនាន់»។
គួរបញ្ជាក់ផងដែរថា ផ្ទះអំណោយទាំង ៧ខ្នងនេះ ត្រូវបានសាងសង់ឡើងតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ មានភាពរឹងមាំ ដែលនឹងជួយលើកកម្ពស់គុណភាពជីវិតរបស់គ្រួសារអតីតយុទ្ធជននិវត្តជននៅក្នុងស្រុកភ្នំស្រុក ឱ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត ស្របតាមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយនោះលោកឃ្លោកនួយបាននាំយកអំណោយគ្រឿងឧបភោគបរិភោគរបស់ ឯឧ អ៊ុំ រាត្រី អភិបាលខេត្ត ជូនគ្រួសារអតីតយុទ្ធជននិវត្តជនក្នុង១គ្រួសារ ទទួលបានអង្ករ ២០គីឡូ មី១កេស ត្រីខ ១យួរ ទឹកសុីអុីវ ២ដប ទឹកត្រី២ដប ៕
ដោយ៖ឈុនសារ៉ាត





