ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញចុះត្រួតពិនិត្យស្ថានីយបូមទឹកស្វ័យប្រវត្តិទំនើបកម្ម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល
AKP ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមមន្ត្រីបច្ចេកទេស អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពស្ថានីយបូមទឹកស្វ័យប្រវត្តិ សាក់សំពៅ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងស្ថានីយបូមទឹកស្វ័យប្រវត្តិនពាមសេដ្ឋា ស្ថិតក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តមរដ្ឋលេខាធិការ នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានមានប្រសាសន៍បញ្ជាក់ថា ស្ថានីយបូមទឹកស្វ័យប្រវត្តិទំនើបកម្មទាំងពីរនេះ មានសារៈសំខាន់ក្នុងការរំដោះ និងបញ្ចៀសទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីការពារការលិចលង់ក្នុងរដូវវស្សា ព្រមទាំងរក្សាទឹកទុកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង ក្នុងគោលបំណងបម្រើឱ្យពហុវិស័យ។

ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីបច្ចេកទេស និងភាគីពាក់ព័ន្ធ ត្រូវគ្រប់គ្រង ប្រតិបត្តិការ និងថែទាំសមិទ្ធផលទំនើបៗទាំងនេះឱ្យបានល្អ និងមាននិរន្តរភាព ព្រោះវាជាលទ្ធផលនៃការវិនិយោគថវិកាយ៉ាងច្រើនរបស់រាជរដ្ឋាភិបាល ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ៕


ដោយ៖ ពេជ្រ សំអឿន, (ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





