ឧត្តមសេនីយ៍ទោ ហេង សុផលដឹកនាំកងកម្លាំង ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
AKP កំពង់ធំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តខេត្តកំពង់ធំកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល លោកអនុសេនីយ៍ឯក ទឹម ចាន់នី នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិបារាយណ៍ធំ ឃុំបារាយណ៍ស្រុកបារាយណ៍ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំដែលជានិច្ចកាល ថ្នាក់ដឹកនាំ តែងតែគិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខសុខុមាលភាពរបស់កងកម្លាំងនគរបាលជាតិ ដែលកំពុងសម្រាកព្យាបាលជំងឺ និងបងប្អូនកងកម្លាំងដែលកំពុង អនុវត្ត តួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនិងសង្គមជាតិ ។

លោកឧត្តមសេនីយ៍ទោស្នងការបានណែនាំ ដល់អ្នកជំងឺ ត្រូវខិតខំថែទាំសុខភាព តាមរយៈ ការធ្វើអនាម័យ បរិភោគស្អាត រស់នៅស្អាត ពិសារឱសថ ទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ សម្រាកឱ្យគ្រប់គ្រាន់ ត្រួតពិនិត្យតាមដានសុខភាព ព្យាយាមហាត់ប្រាណ ពង្រឹងកាយសម្បទា ទើបសុខភាពឆាប់ជាសះស្បើយឡើងវិញ ដើម្បីបន្តចូលរួមចំណែក ក្នុងបេសកកម្ម របស់កងកម្លាំងនគរបាលជាតិ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។
លោកឧត្តមសេនីយ៍ទោស្នងការ បានឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីចូលរួមដោះស្រាយការចំណាយព្យាបាលសុខភាព និងផ្ដាំផ្ញើ ដល់អ្នកជំងឺ បើមាន បញ្ហាប្រឈម អ្វីមួយ សូមទំនាក់ទំនង មកអង្គភាព ដើម្បីថ្នាក់ដឹកនាំ ដោះស្រាយជូនបងប្អូនបានទាន់ពេលវេលា ។
លោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍តំណាងឱ្យលោក ទឹម ចាន់នី សូមគោរពថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃ ចុះសាកសួរសុខទុក្ខ ថែមទាំងឧបត្ថម្ភ សម្ភារថវិកាមួយចំនួន ដល់អ្នកជំងឺ និងសូមជូនពរជ័យ ជូនចំពោះថ្នាក់ដឹកនាំ សូមជួបប្រទះ តែពុទ្ធពរជ័យទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ជូន៕
ដោយ ស៊ុម វណ្ណា





