លោក ផាង វី ដឹកនាំក្រុមការងារចុះពិនិត្យការដំឡើងស្លាកគណបក្ស អំពូលសូឡាបំភ្លឺផ្លូវ និងជួបសំណេះសំណាលជាមួយអាជីវករផ្សារហប់ ស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦--
លោក ផាង វី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំទ្រាតំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងកាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦បានដឹកនាំក្រុមការងារចុះពិនិត្យការដំឡើងស្លាកគណបក្សប្រជាជនកម្ពុជា និងប្រព័ន្ធភ្លើងសូឡាបំភ្លឺផ្លូវនៅក្នុងមូលដ្ឋានឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកផាង វីបានមានប្រសាសន៍បញ្ជាក់ថា ស្លាកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៣២ ស្លាក ប្រព័ន្ធភ្លើងសូឡាបំភ្លឺផ្លូវសាធារណៈចំនួន ១៤០ ដើម និង កង់ចំនួន២គ្រឿង គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា។ សមិទ្ធផលថ្មីដ៏ស្រស់ស្អាតនេះ អាចលេចចេញជារូបរាងឡើងបាន គឺដោយសារមានការសម្របសម្រួល យកចិត្តទុកដាក់និងការដឹកនាំការដំឡើងផ្ទាល់ពីសំណាក់ក្រុមការងារចុះជួយមូលដ្ឋានឃុំទ្រា។

សកម្មភាពចុះបំពេញការងារនាពេលនេះគឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់របស់ក្រុមការងារ ក្នុងការលើកកម្ពស់សោភ័ណភាពមូលដ្ឋាន ក៏ដូចជាការផ្សព្វផ្សាយអត្តសញ្ញាណរបស់គណបក្សឱ្យកាន់តែស្ថិតនៅកៀកជាប់ជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច។

ទន្ទឹមនឹងនេះ លោក ផាង វី និងក្រុមការងារ ក៏បានឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសមាជិកបក្ស និងអាជីវករផ្សារហប់ ដោយបានបញ្ជាក់ថាអំពូលសូឡាទាំងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ការលក់ដូរ ក៏ដូចជាការលើកកម្ពស់សន្តិសុខក្នុងមូលដ្ឋានផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ និងអាជីវករ បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលតែងតែគិតគូរពីសុខទុក្ខ និងការអភិវឌ្ឍនៅក្នុងឃុំ៕
ដោយ ស៊ុម វណ្ណា





