គ្រោះរាំងស្ងួតគំរាមកំហែងស្រូវជិត ៥០០ហិកតានៅស្រុកព្រះនេត្រព្រះ៖ ឯកឧត្តម គង់ ច័ន្ទវាសនា ជំរុញឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពង្រឹងកម្លាំងសហការសង្គ្រោះពលរដ្ឋទាន់ពេលវេលា
AKPបន្ទាយមានជ័យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦–
ស្ថានភាពគ្រោះរាំងស្ងួតកំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាកសិករ ក្នុងស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ ចំពោះមុខបញ្ហាប្រឈមដ៏ក្តៅគគុកនេះ ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងក្រុមការងារថ្នាក់ជាតិ បានចុះផ្ទាល់ដល់ទីវាលដើម្បីវាយតម្លៃ និងស្វែងរកអន្តរាគមន៍សង្គ្រោះដំណាំស្រូវរបស់ពលរដ្ឋជាបន្ទាន់។

កាលពីរសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ រួមជាមួយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចម្រុះ រួមមានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពដំណាំស្រូវដែលកំពុងរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតប្រមាណ ៤៨២ ហិកតា នៅក្នុងភូមិសាស្ត្រឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។
ផ្អែកលើលទ្ធផលនៃការចុះពិនិត្យផ្ទាល់ដោយមានការចូលរួមពី លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្មខេត្ត, លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរ, លោក ឡាយ សុធី ប្រធានមន្ទីរធនធានទឹកខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានបង្ហាញឱ្យឃើញនូវសញ្ញាអាសន្នគួរឱ្យព្រួយបារម្ភប្រភពទឹកចម្បងរីងស្ងួត ទឹកនៅក្នុងអាងត្រពាំងថ្ម និងអាងស្ទឹងស្រែង២ បានស្រកចុះយ៉ាងខ្លាំង មិនមានបរិមាណគ្រប់គ្រាន់សម្រាប់បូមសង្គ្រោះស្រូវបានឡើយ ដោយសារត្រូវរក្សាទុកដាច់ខាតសម្រាប់តម្រូវការប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ដំណាំស្រូវជិត ៥០០ហិកតា កំពុងស្វិតស្រពោនប្រសិនបើគ្មានភ្លៀងធ្លាក់ក្នុងរយៈពេលខ្លីខាងមុខនេះទេ ផ្ទៃដីស្រូវទាំងនោះអាចនឹងរងការខូចខាតទាំងស្រុង។

ក្នុងឱកាសចុះពិនិត្យផ្ទាល់នៅក្នុងស្រែដែលកំពុងប្រេះស្រកា ឯកឧត្តម គង់ ច័ន្ទវាសនា បានសម្តែងនូវការព្រួយបារម្ភ និងការយោគយល់ជាពន់ពេកចំពោះទុក្ខលំបាករបស់បងប្អូនប្រជាកសិករ។ ឯកឧត្តមបានដាក់ចេញនូវបទបញ្ជា និងការណែនាំយ៉ាងម៉ឺងម៉ាត់ទៅកាន់ មន្ត្រីជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយសង្កត់ធ្ងន់លើចំណុចគន្លឹះៗរួមមានតាមដានដិតដល់ជាប្រចាំដោយណែនាំឱ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំ ត្រូវក្តាប់ជាប់ព័ត៌មាន និងបន្តសហការគ្នាតាមដានស្ថានភាពប្រែប្រួលនៃដំណាំស្រូវ និងកម្រិតទឹកជារៀងរាល់ថ្ងៃ មិនត្រូវធ្វេសប្រហែសឡើយ។
ស្វែងរកដំណោះស្រាយតាមគ្រប់លទ្ធភាព ទោះបីជាប្រភពទឹកចម្បងមានកម្រិត តែត្រូវរួមគ្នាស្វែងរកប្រភពទឹកជំនួស ឬវិធានការបច្ចេកទេសផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការខូចខាតឱ្យនៅកម្រិតទាបបំផុត។

ត្រៀមលក្ខណៈឆ្លើយតបទាន់ពេលវេលា ត្រូវរៀបចំផែនការ និងឧបករណ៍អន្តរាគមន៍ជាស្រេច ដើម្បីឆ្លើយតបបានភ្លាមៗនៅពេលមានលទ្ធភាពបច្ចេកទេស ឬពេលមានការប្រែប្រួលអាកាសធាតុ សំដៅការពារផលប្រយោជន៍ និងស្ដារជីវភាពជូនប្រជាកសិករឱ្យទាន់សភាពការណ៍។
ដំណើរចុះអន្តរាគមន៍របស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងក្រុមការងារថ្នាក់ជាតិនៅពេលនេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងភាពរស់រវើករបស់រាជរដ្ឋាភិបាល ក្នុងការឈរនៅក្បែរប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដែលវិស័យកសិកម្មកំពុងរងសម្ពាធពីការប្រែប្រួលអាកាសធាតុសកលលោក៕
ដោយ៖ ឈុន សារ៉ាត





