សន្និសីទប្រសាទសាស្រ្តលើកទី៦ របស់សមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទប្រសាទសាស្រ្តលើកទី៦ របស់សមាគមគ្រូពេទ្យប្រសាទសាស្រ្តកម្ពុជា និងសមាគមកម្ពុជាប្រឆាំងជំងឺអេពីឡឹបស៊ី ក្រោមប្រធានបទ៖ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង» នាថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ឯកឧត្តមសាស្តាចារ្យរដ្ឋមន្រ្តីបានគូសរំលេចចំណុចសំខាន់ «រួមគ្នា យើងអាចបង្ការពិការភាពដោយរក្សាសមត្ថភាពក្នុងមួយជីវិតរបស់យើង»។ សុខភាពខួរក្បាល គឺជាចំណែកចម្បងនៃការថែទាំសុខភាពបឋម នោះគឺ “ការការពារនិងបង្ការទុកជាមុន” កុំឱ្យទៅដល់ពិការភាព។ សុខភាពខួរក្បាលដែលល្អ នឹងកាន់តែមុតស្រួចចូលរួមអភិវឌ្ឍន៍សុខាភិបាល ដើម្បីសុខុមាលភាពទាំងអស់គ្នាបាននៅពេលដែល ”មនសិកាវិជ្ជាជីវៈ” កាន់តែមុតស្រួចថែមទៀតផង។

សន្និសីទនាថ្ងៃនេះជាវេទិកាមួយសម្រាប់បញ្ជាក់ឱ្យឃើញថា ការការពារសុខភាពប្រព័ន្ធប្រសាទ គឺជាការការពារសុខភាពប្រជាជន គឺប្រៀបដូចជាការវិនិយោគទៅលើវិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល ហើយក៏ជាផ្នែកមួយនៃការកាត់បន្ថយការចំណាយលើសុខភាព និងរួមចំណែកកាត់បន្ថយការចំណាយថវិការបស់របស់ប្រជាពលរដ្ឋ។ ការងាររបស់សមាគមទាំងពីរ ដែលបានរួមគ្នាធ្វើកន្លងមក គឺបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងនូវសមត្ថភាពវិជ្ជាជីវៈផ្នែកប្រសាទសាស្រ្ត ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព និងសមធម៌ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមផ្តល់អនុសាសន៍ និងការផ្ដាំផ្ញើមួយចំនួនដល់សមាគម ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខភិបាល៖ ១) បន្តអនុវត្តឱ្យបានទៀងទាត់នូវការរៀបចំសន្និសីទប្រសាទសាស្រ្តប្រចាំឆ្នាំ។ ២) ពង្រឹង និងពង្រីកនូវវិសាលភាពនៃការបណ្ដុះបណ្ដាលបន្តផ្នែកប្រសាទសាស្ត្រ ប្រកបដោយគុណភាព និងគ្របដណ្ដប់ដល់គ្រូពេទ្យបណ្តាខេត្តទូទាំងប្រទេស។ ៣) បន្តជំរុញការចុះមូលដ្ឋានសុខាភិបាល ដោយក្តាប់ឱ្យជាប់នូវតម្រូវការចាំបាច់ ដើម្បីជួយជំរុញ និងបង្កើនគុណភាព នៃការបង្ការជំងឺមិនឆ្លង ដោយត្រូវពង្រឹងសុវត្ថិភាពនៃការព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺអេពីឡឹបស៊ី ដើម្បីកាត់បន្ថយកម្រិតពិការភាព និងអត្រាមរណភាព។ ៤) បង្កើនការបណ្តុះបណ្តាលដល់គ្រូពេទ្យនៅតាមមូលដ្ឋាន សម្រាប់ការបន្តធ្វើកម្មសិក្សានៅមន្ទីរពេទ្យជាតិ។ ៥) ចូលរួមសហការជាមួយអង្គភាពសុខាភិបាលនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមការបណ្ដុះបណ្ដាល និងស្រាវជ្រាវអំពីជំងឺប្រសាទសាស្រ្ត។ ៦) ពង្រឹងនូវវប្បធម៌នៃការធ្វើការងារជាក្រុម និងពង្រីកនូវវិស័យពហុជំនាញសម្រាប់ជំងឺប្រសាទសាស្រ្ត។ ៧) បង្កើនសមត្ថភាពក្នុងការស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ជំងឺអេពីឡឹបស៊ី ឱ្យបានឆាប់រហ័ស ទាន់ពេលវេលា។ ៨) យកចិត្តទុកដាក់បញ្ចូលក្នុងកម្មវិធីបណ្ដុះបណ្ដាលនានារបស់សមាគមនូវកិច្ចការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន។ ៩) ចូលរួមផ្សព្វផ្សាយការអប់រំសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ យល់ពីការការពារជំងឺមិនឆ្លង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃសមាគម ដែលបានខិតខំរួមចំណែកក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋដ៏ប្រសើរនាពេលកន្លងមក និងបន្តលើកកម្ពស់កិត្យានុភាពសុខាភិបាលឱ្យកាន់តែខ្ពង់ខ្ពស់បន្ថែមទៀត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវឱ្យមានការសហការគ្នា ឱ្យបានល្អរវាងសហភាតរៈ សាមគ្គី និងចែករំលែកនូវបទពិសោធន៍គ្នា ក្នុងស្មារតីគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ចាត់ទុក «អ្នកជំងឺដូចជាសាច់ញាតិគ្រួសាររបស់យើង»។

សន្និសីទរៀបចំឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត លោក លោកស្រី សាស្រ្តាចារ្យ ប្រធានបច្ចេកទេស ផ្នែកសួត និងផ្នែកប្រសាទ ផ្នែកផ្លូវចិត្ត និងទូទៅ គ្រប់ផ្នែកដែលពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងនិស្សិត និងភ្ញៀវបរទេសឯកទេសប្រសាទសាស្រ្ត ដែលមានអ្នកចូលរួមផ្ទាល់ ២៥០នាក់ និងអនឡាញ ៥០០នាក់៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





