ផលិតផលទឹកសូដាគ្មានជាតិហ្គាសរបស់កូនខ្មែរ ត្រូវបានដាក់ឱ្យភ្លក់ជាលើកដំបូងនៅក្នុងពិធី MSMEs របស់ FASMEC
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦–ដោយមើលឃើញពីកង្វះខាតផលិតផលដែលមានគុណភាពនៅក្នុងស្រុក ជាពិសេសផលិតផលភាគច្រើនជាផលិតផលនាំចូល, ក្រុមហ៊ុនតំណក់វិសុទ្ធ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ បានបោះជំហានជាថ្មីមួយដោយបង្កើតនូវភេសជ្ជៈសូដា ដែលគ្មានជាតិហ្គាសក្នុងន័យផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់។
មានមូលដ្ឋានក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ សង្វាក់ផលិតកម្មចាប់ពីតំណាក់កាលដំបូង រហូតដល់ការវិចខ្ចប់ ត្រូវបានផលិតនៅក្នុងរោងចក្រ ដោយធានានូវស្តង់ដាគុណភាពសុខភាពរបស់ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម។
លោកស្រី លឹម ចាន់ណារី តំណាងក្រុមហ៊ុនតំណក់វិសុទ្ធឯក បាននិយាយថា ទឹកសូដារសជាតិក្រូច និងទឹកសូដារសជាតិផ្លែកប៉េស ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង នៅក្នុងពិធីជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៦។ ភេសជ្ជៈទឹកសូដាទាំង២ រសជាតិនេះ ត្រូវបានចែកចាយដល់អ្នកចូលរួម បានភ្លក់រសជាតិថ្មី។


លោកស្រី ចាន់ណារី បន្តថា ទឹកសូដានេះ គឺជារបកគំហើញថ្មី ដែលផលិតឡើងនៅកម្ពុជា ដោយគ្មានជាតិហ្គាស ហើយក្មេងចាស់ប្រុសស្រី អាចពិសាបានដោយភាពជឿជាក់ ព្រោះភេសជ្ជៈនេះ គ្មានជាតិស្ករ ឬកាឡូរីនោះទេ ដែលជួយកាត់បន្ថយជាតិអាស៊ីតក្នុងខ្លួន និងជួយបំពេញជាតិទឹកដល់អ្នកប្រើប្រាស់ផងដែរ។
លោកស្រី បានបញ្ជាក់ថា៖ «គំនិតដែលរោងចក្រ ចង់បង្កើតទឹកសូដានេះ ព្រោះចង់ឱ្យមានភេសជ្ជៈមួយដែលឆ្ងាញ់ស្រួលញុំា និងមិនប៉ះពាល់ដល់សុខភាព ហើយវា គឺជាផលិតផលរបស់ខ្មែរ និងផលិតនៅខ្មែរពិតៗ»។
ក្រុមហ៊ុនតំណក់វិសុទ្ធ គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរក្នុងន័យផលិតផលិតភេសជ្ជៈដែលផ្តល់គុណតម្លៃដល់សុខភាព។ ក្រៅពីភេសជ្ជៈសូដា ដែលមាន២ រសជាតិនេះ ក្រុមហ៊ុន មានផលិតទឹកបរិសុទ្ធ សម្រាប់ចែកចាយក្នុងស្រុកផងដែរ៕


ដោយ៖ គង់ សិរីរ័ត្ន





