ឯកឧត្តម ថោ ជេដ្ឋា ប្រកាសជំរុញចលនា"លំនៅឋានស្អាត" នៅទូទាំងស្រុកស្ទោងដើម្បីរួមចំណែកលើកកម្ពស់សុខភាព
AKP កំពង់ធំ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានប្រកាសជំរុញចលនា "លំនៅឋានស្អាត" ដោយបានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងស្រុកចូលរួមប្រឡងប្រណាំងរៀបចំលំនៅឋាន ផ្ទះសម្បែង និងបរិវេណជុំវិញផ្ទះឱ្យមានអនាម័យ ស្អាត មានរបៀបរៀបរយ និងបៃតង ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ កែលម្អសោភ័ណភាពភូមិឋាន និងជំរុញការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។
ឯកឧត្តម ថោ ជេដ្ឋា បានជំរុញចលនានេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមេគ្រួសារបក្សមកពីឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមប្រមាណជាង ៤.០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅវត្តឃ្លាំងខ្មូត ឃុំប្រឡាយស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ថោ ជេដ្ឋា បានគូសបញ្ជាក់ថា បរិស្ថានស្អាត អនាម័យល្អ និងការរៀបចំលំនៅឋានឱ្យមានសោភ័ណភាពមិនមែនជាការងាររបស់អាជ្ញាធរតែម្នាក់ឯងនោះទេ ប៉ុន្តែជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប្រសិនបើគ្រប់គ្រួសារចូលរួមថែរក្សាផ្ទះសម្បែង និងបរិវេណជុំវិញខ្លួនឱ្យស្អាត នោះភូមិ ឃុំ និងស្រុកទាំងមូលក៏នឹងមានសោភ័ណភាព និងបរិស្ថានល្អប្រសើរផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ចលនា "លំនៅឋានស្អាត" មានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋបង្កើតទម្លាប់រស់នៅប្រកបដោយអនាម័យ ដាំដើមឈើ និងផ្កាលម្អ រៀបចំទីធ្លាផ្ទះឱ្យមានរបៀបរៀបរយប្រមូលនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងលុបបំបាត់ទីតាំងដែលអាចបង្កជាប្រភពនៃជំងឺផ្សេងៗ។


ឯកឧត្តមបានមានប្រសាសន៍ថា ការរស់នៅក្នុងបរិយាកាសស្អាត មិនត្រឹមតែជួយការពារសុខភាព និងកាត់បន្ថយការរីករាលដាលនៃជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់គុណភាពជីវិត បង្កើនសោភ័ណភាពមូលដ្ឋាន និងបង្ហាញពីវប្បធម៌រស់នៅប្រកបដោយការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ។ ដើម្បីជំរុញឱ្យចលនានេះទទួលបានជោគជ័យ ឯកឧត្តម ថោ ជេដ្ឋា បានប្រកាសថា ក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង នឹងរៀបចំការប្រឡងប្រណាំង "លំនៅឋានស្អាត" ក្នុងចំណោមប្រជាពលរដ្ឋនៅតាមភូមិ និងឃុំ ដោយគ្រួសារដែលរៀបចំលំនៅឋានបានល្អ មានអនាម័យ និងបរិស្ថានស្អាត នឹងទទួលបានរង្វាន់លើកទឹកចិត្តពីក្រុមការងារ។


ឯកឧត្តមបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមផ្សព្វផ្សាយ និងអនុវត្តចលនានេះឱ្យបានទូលំទូលាយ ដើម្បីបង្កើតការប្រកួតប្រជែងក្នុងន័យវិជ្ជមាន និងធ្វើឱ្យស្រុកស្ទោងក្លាយជាមូលដ្ឋានគំរូផ្នែកបរិស្ថាន និងអនាម័យ។ ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានគូសបញ្ជាក់ថា ភាពស្អាតរបស់លំនៅឋាន គឺជាការឆ្លុះបញ្ចាំងពីវិន័យ ការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវរបស់ម្ចាស់ផ្ទះ។ ប្រសិនបើគ្រប់គ្រួសារចាប់ផ្តើមពីផ្ទះរបស់ខ្លួន នោះភូមិ ឃុំ និងស្រុកទាំងមូលនឹងក្លាយជាតំបន់ស្អាត មានអនាម័យ និងទាក់ទាញការវិនិយោគ ក៏ដូចជាការអភិវឌ្ឍនាពេលអនាគត។ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តរក្សាសាមគ្គីភាពចូលរួមជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តយុទ្ធនាការបរិស្ថាន ការដាំដើមឈើ ការសម្អាតភូមិឋាន និងការគ្រប់គ្រងសំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាកសាងស្រុកស្ទោងឱ្យក្លាយជាមូលដ្ឋានស្អាត បៃតង មានផាសុកភាព និងគុណភាពជីវិតល្អប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
ការប្រកាសជំរុញចលនា "លំនៅឋានស្អាត" របស់ឯកឧត្តម ថោ ជេដ្ឋា នៅពេលនេះ ត្រូវបានប្រជាពលរដ្ឋស្វាគមន៍យ៉ាងកក់ក្តៅ និងចាត់ទុកថា ជាគំនិតផ្តួចផ្តើមដ៏ល្អ ដែលនឹងជួយជំរុញការចូលរួមរបស់សហគមន៍ក្នុងការលើកកម្ពស់បរិស្ថាន អនាម័យ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន និងប្រកបដោយចីរភាព៕
ដោយ៖ ស៊ុម វណ្ណា





