សម្ដេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការរួមគ្នាដើម្បីកាត់បន្ថយនីតិវិធី ក្នុងការស្នើសុំចុះបញ្ជី នាំឱ្យមានភាពស្មុគស្មាញ ប៉ះពាល់អារម្មណ៍ដល់អ្នកវិនិយោគ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចង់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការរួមគ្នា ដើម្បីកាត់បន្ថយនីតិវិធី ក្នុងការស្នើសុំចុះបញ្ជី នាំឱ្យមានភាពស្មុគស្មាញ ចំណាយពេលយូរ ប៉ះពាល់អារម្មណ៍ដល់អ្នកវិនិយោគ។
បំណងចង់ឱ្យមានកំណែទម្រង់បែបនេះ ត្រូវបានសម្ដេចធិបតី លើកឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” នាព្រឹកនេះ នៅកោះពេជ្រ។
សម្ដេចធិបតី បានស្នើឱ្យកែសម្រួលរាល់នីតិវិធីណាដែលមានការរាំងស្ទះដល់ដំណើរការស្នើសុំដោយសារមានភាពមិនស៊ីសង្វាក់គ្នាឬការងារជាន់គ្នារវាងស្ថាប័នមួយទៅស្ថាប័នមួយ ដែលបង្កឱ្យមានការចំណាយពេលវេលាយូរអង្វែង។
នៅពេលមានការកែសម្រួលរបស់ក្រសួងស្ថាប័នពាក់ព័ន្ធធ្វើការរួមគ្នា កាត់បន្ថយនីតិវិធីហើយនោះ សម្តេចធិបតី អះអាងថា «ការធ្វើនេះ ជួយទាំងពីរ ជួយទាំងអ្នករកស៊ី ជួយធំបំផុតគឺអតិថិជន បានផលិតផលមួយដែលធានាគុណភាព ហើយនីតិវិធីមិនស្មុគស្មាញ ការទទួលខុសត្រូវរបស់មន្ត្រីអនុវត្តក៏ស្រួល ដែលមានគោលការច្បាស់លាស់មិនជាន់គ្នា»៕

ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





