រាជរដ្ឋាភិបាលបានចាត់ទុក MSMEs ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុក សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើតការងារ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ភាពធន់នៃសេដ្ឋកិច្ច។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់វិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងគោលនយោបាយជាច្រើន ជាក់ស្តែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា គឺជាគ្រឹះដើម្បីបង្កើតភាពប្រកួតប្រជែងរបស់វិស័យឯកជន។

ជាមួយគ្នានេះក៏មានយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូចនិងមធ្យម, ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម តាំងពីពីការផលិតរហូតដល់ទីផ្សារ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាស ”ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” នាព្រឹកនេះ នៅកោះពេជ្រ សម្ដេចធិបតី បានថ្លែងទៀតថា ការសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាពេលនេះ គឺជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជននិយាយជារួម និងសម្រាប់សហគ្រាសមីក្រូ ធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា និយាយដោយឡែក។

ការកំណត់រៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាវេទិការាជរដ្ឋាភិបាល និង MSME ដើម្បីពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការគោលនយោបាយ និងការលើកទឹកចិត្ត កាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួង/ស្ថាប័ន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ សមាគមវិស័យឯកជន ផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសធុនមីក្រូ តូច មធ្យម និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





