ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្ដីទីអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ ចាប់ពីនៅថ្ងៃទី២៥~២៧ ខែមិថុនា ឆ្នាំ២០២៦ ។


ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្ត ជាដើម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលគ្រប់កម្រិតទាំងថ្នាក់ដឹកនាំ អ្នកបច្ចេកទេស និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន។ ឯកឧត្តមរដ្ឋមន្រ្តីស្ដីទី បន្តថាបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពក្នុងវិស័យសំខាន់ៗដូចជាការអប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។ វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដោយបែងចែកជាពីរក្រុមគឺ ក្រុមទី១ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ និងក្រុមទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានសាស្រ្តាចារ្យអន្តរជាតិដ៏ល្បីឈ្មោះចំនួន ២រូប គឺ លោកសាស្រ្តាចារ្យ ហ្គីដូ ជីណាសូ (GUIDO GIANASSO) ដែលជាអ្នកជំនាញលើភាពជាអ្នកដឹកនាំ និង Cultural Intelligence និងលោកសាស្រ្តាចារ្យ ហ្សីរីស ស៊ី ស្រ៊ីវ៉ាស្តាវ៉ា (Shirish C. Srivastava) ជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕
ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





