ប្រមុខក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបាពិភាក្សាពីការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦–នាជំនួបនៅទីស្ដីការក្រសួង រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ប្រចាំកម្ពុជា បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីសាវតានៃទំនាក់ទំនងទ្វេភាគី លទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងការឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខបន្ថែមទៀត។

ក្នុងជំនួបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានរំលឹកប្រវត្តិនៃទំនាក់ទំនងប្រទេសទាំងពីរ និងបានសំដែងការដឹងគុណចំពោះមរតកចំណងការទូតក្រោមស្នាព្រះហស្តព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងឯកឧត្តម ហ្វីដេ កាស្ត្រូ អតីតមេដឹកនាំកំពូលគុយបា ជាពិសេសនៅក្រោយការដួលរលំនៃរបបខ្មែរក្រហមគុយបាបានរួមចំណែកជួយជ្រោមជ្រែងការស្ដារ និងកសាងប្រទេសកម្ពុជាក្នុងគ្រាដ៏លំបាក ហើយដែលថ្នាក់ដឹកនាំបន្តវេនជំនាន់នេះប្ដេជ្ញាពូនជ្រុំឱ្យបានរឹងមាំ និងប្រកបដោយផ្លែផ្កា។

ពាក់ព័ន្ធវិស័យសន្តិសុខ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវឯកអគ្គរដ្ឋទូត បានឯកភាពគ្នាជំរុញការពិភាក្សា និងផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីឈានទៅបង្កើតបានក្របខណ្ឌទ្វេភាគី សម្រាប់កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងដែលស្ថិតក្រោមក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ជាអាទិ៍ កិច្ចសហការផ្លាស់ប្ដូរព័ត៌មាន និងបទពិសោធន៍ល្អៗ ដើម្បីពង្រឹងសមត្ថភាពកងកម្លាំង ក្នុងបរិបទមនុស្សជាតិប្រឈមនឹងបញ្ហាស្មុគស្មាញជាបន្តបន្ទាប់ ជាពិសេសបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានថ្លែងអំណរគុណអតីតឯកអគ្គរដ្ឋទូតគុយបា ក្រុមគ្រូបង្វឹក និងកីឡាករគុយបា ដែលបានចូលរួមចំណែកជ្រោម ជ្រែងក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាឱ្យទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយប្រាក់ក្នុងព្រឹត្តិ ការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតគុយបាបានបង្ហាញក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលតាមរយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានផ្ដល់ការសម្របសម្រួលជូនពលរដ្ឋគុយបា ដែលជួបបញ្ហាពាក់ព័ន្ធនឹងលិខិតឆ្លងដែន។
លោកជំទាវឯកអគ្គរដ្ឋទូតបានកោតសរសើរដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបាន និងកំពុងដំណើរការកិច្ចប្រជុំ Hotline ជាទៀងទាត់ជាមួយបណ្ដាស្ថានទូតនៅកម្ពុជា រួមទាំងស្ថានឯកអគ្គរដ្ឋទូតគុយបា។ លោកជំទាវចាត់ទុកកិច្ចប្រជុំនេះថា ជាការផ្ដល់ឱកាសឱ្យគ្រប់ភាគីទទួលបានព័ត៌មានពីគ្នាទៅវិញទៅមក សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបង្កលក្ខណៈងាយស្រួលផ្សេងៗទៀតពាក់ព័ន្ធនឹងការងារអន្តោប្រវេសន៍ ដែលលោកជំទាវចាត់ទុកជាគំរូ និងសូមផ្ដល់ការលើកទឹកចិត្តខ្ពស់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





