ក្រុមប្រឹក្សាស្រុកតាំងគោក រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅឃុំស្រឡៅនិងឃុំទ្រៀល
AKPកំពង់ធំថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦--
ក្រុមប្រឹក្សាស្រុកតាំងគោកនារសៀលថ្ងៃទៅ២៦ខែមិថុនាឆ្នាំ២០២៦នេះបានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅឃុំស្រឡៅនិងឃុំទ្រៀលក្នុងគោលបំណងស្តាប់នូវរាល់ក្តីកង្វល់បញ្ហាប្រឈមនិងសំណូមពរនានា ដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។
វេទិការក្រោមអធិបតីភាពលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុកនិងលោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោកនិងដោយមាន ការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យ-អង្គភាពជុំវិញស្រុក អាជ្ញាធរឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនិងបងប្អូនប្រជាពលរដ្ឋប្រមាណ២៤២នាក់។


នៅក្នុងឱកាសនោះ គណៈអធិបតីបានបើកឱកាសយ៉ាងទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងការលើកឡើងជាមតិយោបល់ សំណួរ និងសំណូមពរផ្ទាល់មាត់ ក៏ដូចជាតាមរយៈលិខិត ដែលភាគច្រើនផ្តោតទៅលើ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ៖ការជួសជុលនិងស្ថាបនាផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ (ប្រឡាយទឹកសម្រាប់ធ្វើស្រែចំការ)។២. សេវាសាធារណៈ៖ ការផ្តល់សេវារដ្ឋបាលនៅថ្នាក់ឃុំ និងស្រុកឱ្យកាន់តែលឿន និងមានប្រសិទ្ធភាព។៣.សន្តិសុខសណ្តាប់ធ្នាប់៖ ការពង្រឹងភូមិ-ឃុំមានសុវត្ថិភាពនិងការបង្ក្រាបបញ្ហាគ្រឿងញៀននិងល្បែងស៊ីសង។
លោក ហាក់ ម៉ុងហួតបានធ្វើការបក ស្រាយបំភ្លឺយ៉ាងក្បោះក្បាយទៅលើរាល់កង្វល់របស់ប្រជាពលរដ្ឋ។ចំពោះសំណើដែលអាចដោះស្រាយបានភ្លាមៗ គណៈអភិបាលស្រុកបានចាត់ចែងឱ្យមន្ត្រីជំនាញចុះអនុវត្តភ្លាម។


ចំណែកឯសំណើដែលហួសពីសមត្ថកិច្ចរបស់ស្រុក គណៈកម្មការរៀបចំវេទិកានឹងកត់ត្រាចូលក្នុងរបាយការណ៍ ដើម្បីស្នើសុំទៅថ្នាក់លើជួយដោះស្រាយបន្ត។លោកអភិបាលស្រុកបានបន្តថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំស្រុក ខណ្ឌដើម្បីធានាថាប្រជាពលរដ្ឋទទួលបានព័ត៌មានពីការងារអភិវឌ្ឍរបស់ស្រុក។បង្កើនភាពស្និទ្ធស្នា ល និងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ។ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋានតាមគោលការ ណ៍តម្លាភាពនិងគណនេយ្យភាពនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចំណាយពេលចូលរួម និងផ្តល់មតិរិះគន់ដើម្បីស្ថាបនា ដែលនេះជាកត្តាជំរុញឱ្យស្រុកតាំងគោក កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត៕

ដោយ៖ ស៊ុម វណ្ណា





