សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជារៀបចំវគ្គបណ្តុះបណ្តាល ជំនាញសរសេរ និងផលិតវីដេអូអំពីគុនល្បុក្កតោ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងជាប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងលោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតវិដេអូអំពីគុនល្បុក្កតោ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិក។

លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានឱ្យដឹងថា «វគ្គបណ្តុះបណ្តាលជំនាញសរសេរ និងផលិតវិដេអូ អំពីគុនល្បុក្កតោ»នេះមានសិក្ខាកាមចូលរួមចំនួន ៤០នាក់ ធ្វើឡើងរយៈពេលមួយថ្ងៃពេញតែម្តង ក្រោមការរៀបចំសហព័ន្ធកីឡាកគុនល្បុក្កតោកម្ពុជាសហការជាមួយសារព័ត៌មានថ្មីៗ។ វគ្គបណ្ដុះបណ្ដាល ជំនាញសរសេរ និងផលិតវីដេអូអំពីគុនល្បុក្កតោ»នេះផ្តោតលើជំនាញសរសេរ ដូចជាគន្លឹះនៃការសរសេរខ្លឹមសារមាតិកា របៀបចាប់មុំ ដើម្បីសរសេរមាតិកា។

លោកអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានបន្តថា ចំណែកជំនាញផលិតវីដេអូ ទៅលើបច្ចេកទេសនៃការថតវីដេអូតាមទូរស័ព្ទដៃ និងការផលិតវីដេអូតាមទូរស័ព្ទដៃ ដែលកំពុងពេញនិមយសម្រាប់អ្នកលេងបណ្តាញសង្គម នាពេលបច្ចុប្បន្ននេះ៕

ដោយ ហេង ណាលីន (រូបភាព៖ សហព័ន្ធ)





