ក្រុមហ៊ុនចិន បង្ហាញបច្ចេកវិទ្យា Ai លើការគ្រប់គ្រងកាមេរ៉ាដោយស្វ័យប្រវត្តិ ដែលទាក់ទាញការចាប់អារម្មណ៍ដល់អ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា និងបណ្ដាប្រទេស Global South
AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមហ៊ុនចិន បានបង្ហាញបច្ចេកវិទ្យា Ai លើការគ្រប់គ្រងកាមេរ៉ាដោយស្វ័យប្រវត្តិ ដែលទាក់ទាញការចាប់អារម្មណ៍ដល់អ្នកសារព័ត៌មានមកពីប្រទេសកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្ដាប្រទេស នៃតំបន់ភាគខាងត្បូង (Global South) ដើម្បីផ្សព្វផ្សាយពីបច្ចេកវិទ្យាក្នុងការផលិតមនុស្សយន្ដស្វ័យប្រវត្ដិ ដើម្បីប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មភាពយន្ត ទូរទស្សន៍ និងការផ្សាយ។

ក្នុងឱកាសចូលរួមសិក្ខាសាលាស្តីពី «មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេស នៃតំបន់ភាគខាងត្បូង» (Seminar on News Officials and Journalists from the Global South) កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អ្នករៀបចំ ក៏បានដឹកនាំសិក្ខាកាមទាំង១២ប្រទេស មកទស្សនកិច្ចនៅក្រុមហ៊ុន ZOOXER TECH (មានឈ្មោះជាផ្លូវការថា Beijing Zooxer Filming Technology Co., Ltd.) គឺជាសហគ្រាសបច្ចេកវិទ្យាខ្ពស់មួយដែលរចនា និងផលិតឧបករណ៍មនុស្សយន្តស្វ័យប្រវត្តិឯកទេសសម្រាប់ឧស្សាហកម្មភាពយន្ត ទូរទស្សន៍ និងការផ្សាយ។ សម្រាប់ការប្រើប្រាស់បច្ចេកវិទ្យានេះ គឺមានជំនាញខាងដំណោះស្រាយការថតឆ្លាតវៃ និងគ្មានមនុស្សបើក មនុស្សយន្តកាមេរ៉ា និងប្រព័ន្ធតាមដាននិម្មិតសម្រាប់បរិស្ថាន AR/VR/XR នៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងឱកាសទស្សនកិច្ចនេះ លោក ជួន ចាន់ភារុណ អគ្គនាយករង នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងតំណាងគណៈប្រតិភូក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ច ក្រុមហ៊ុនបច្ចេកវិទ្យាចិន ZOOXER TECH បានធ្វើឱ្យគ្រប់សិក្ខាកាមដែលមកពី១២ប្រទេស នៃ Global South សុទ្ធតែចាប់អារម្មណ៍ខ្លាំងលើការប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេសលើកាមេរ៉ា ដែលបំពាក់ដោយប្រព័ន្ធស្វ័យប្រវត្តិ ជាមួយបច្ចេកទេស Ai ក្នុងកាមេរ៉ា ខណៈប្រទេសនីមួយៗ ដែលមកពី Global South មិនទាន់មានប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចប្រទេសចិនមួយនេះ។

លោក ជួន ចាន់ភារុណ បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ សិក្ខាកាមទាំង៧រូប នៃក្រសួងព័ត៌មាន បានមកទស្សនកិច្ច ក្នុងក្រុមហ៊ុន ZOOXER TECH ដែលជាក្រុមហ៊ុន Technology មួយ បានបង្កើតកាំមេរ៉ាស្វ័យប្រវត្តិ ប្រើប្រាស់ក្នុង Studio ខណៈពេលទស្សនកិច្ចក្នុងក្រុមហ៊ុននេះ សិក្ខាកាមទាំងអស់ បានឃើញនូវភាពខ្លាំង នៃបច្ចេកវិទ្យារបស់ក្រុមហ៊ុន ZOOXER ដោយបំពាក់លើ Ai ជំនួសឱ្យការប្រើប្រាស់កម្លាំងរបស់មនុស្ស ខណៈពីមុនធ្លាប់ប្រើមនុស្ស ពី៣នាក់ សម្រាប់កិច្ចការមួយនេះ មកនៅត្រឹមតែម្នាក់ ហើយអាចគ្រប់គ្រងកាមេរ៉ារហូតបានដល់ទៅ៣គ្រឿង ។

លោកអគ្គនាយករងក៏បានបង្ហាញចំណាប់អារម្មណ៍របស់លោក នៅក្នុងពេលទស្សនកិច្ចនេះ ដោយចាត់ទុក ការប្រើប្រាស់បច្ចេកវិទ្យានេះ គឺមានភាពអស្ចារ្យនៅក្នុងប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ លើបច្ចេកវិទ្យា Ai ។ លោកបានបញ្ជាក់បន្ថែមថា៖ «និយាយជារួមមក សិក្ខាកាមទាំង១២ប្រទេស ដែលបានអញ្ជើញមកទស្សនកិច្ចនៅទីនេះ ក៏គាត់ចាប់អារម្មណ៍ដូចយើងដែរ ដោយសារប្រទេសនីមួយៗ មិនទាន់បំពាក់លើប្រព័ន្ធបច្ចេកវិទ្យាទំនើប ដូចប្រទេសចិនទេ"»។

ជាមួយគ្នានេះ លោក ជួន ចាន់ភារុណ សង្ឃឹមថា សិក្ខាកាម ដែលមកទស្សនកិច្ចសិក្សានៅពេលនេះ នឹងបានយល់ដឹង ពាក់ព័ន្ធនឹងការប្រើប្រាស់ លើប្រព័ន្ធឌីជីថល ជាពិសេសលើកាមេរ៉ា ដែលបំពាក់ដោយប្រព័ន្ធទំនើប ជាមួយបច្ចេកទេស Ai ក្នុងកាមេរ៉ានោះ ។
យើងតាមការធ្វើបទបង្ហាញរបស់លោកស្រី Chris Li នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុន ZOOXER TECH បានបញ្ជាក់ថា ក្រុមហ៊ុន Zooxer Technology មានជំនាញខាងការស្រាវជ្រាវ និងអភិវឌ្ឍន៍មនុស្សយន្តកាមេរ៉ាឆ្លាតវៃ។ លោកស្រីបានបន្ដថា នៅឆ្នាំ ២០១៥ ក្រុមអ្នកជំនាញស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលមានជំនាញជ្រៅជ្រះ ក្នុងបច្ចេកវិទ្យាភាពយន្ត និងការផ្សាយបានបង្កើតក្រុមហ៊ុន Zooxer Technology ដែលជំរុញដោយចក្ខុវិស័យ នៃបដិវត្តន៍ការថតដោយស្វ័យប្រវត្តិ។ លោកស្រីបានឱ្យដឹងទៀតថា ចាប់តាំងពីការចាប់ផ្តើមមក នៅតែមានឫសគល់យ៉ាងរឹងមាំ នៅក្នុងវិស័យមនុស្សយន្តកាមេរ៉ាឯកទេស ដោយលះបង់ខ្លួន ចំពោះការស្រាវជ្រាវ និងអភិវឌ្ឍន៍ឯករាជ្យ។
លោកស្រី Chris Li បានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ត្រូវបានទទួលស្គាល់ថាជាសហគ្រាសបច្ចេកវិទ្យាខ្ពស់ជាតិ និងជាសហគ្រាស "ឯកទេស និងទំនើប" នៅទីក្រុងប៉េកាំង។ ទន្ទឹមនេះ ការទទួលស្គាល់ឧស្សាហកម្មនេះ មិនត្រឹមតែបញ្ជាក់ពីការប្រមូលផ្តុំបច្ចេកវិទ្យាជាច្រើនឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញជាបន្តបន្ទាប់ឱ្យកែលម្អ និងកែលម្អឧបករណ៍ថត ដែលមានស្ថិរភាព និងឆ្លាតវៃផងដែរ៕
ដោយ៖ សុខុម





