ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥»
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និង ជាប្រធានក្រុមការងារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២៦-២០៣៥» ដើម្បីស្វែងរកធាតុចូល សម្រាប់ធ្វើការកែសម្រួល និង សម្រួចឯកសារដ៏មានសារៈសំខាន់នេះ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាជិក-សមាជិកានៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ អនុប្រធានប្រចាំការ កបស បានគូសរំលេចអំពីសាវតារនៃការរៀបចំសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះថា ការដាក់ចេញនូវ IDP ថ្មី គឺមានភាពចាំបាច់បំផុត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ព្រមទាំងនិន្នាការតំបន់ និង សកល ដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ។ ហើយឯកសារថ្មីនេះ បានកំណត់ចក្ខុវិស័យ “ការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និង បច្ចេកវិទ្យាខ្ពស់ តាមរយៈការកសាងមូលដ្ឋានឧស្សាហកម្ម ដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និង ភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែចង្វាក់តម្លៃសកល, សមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់ និង លើកកម្ពស់សមត្ថភាពឧស្សាហកម្មក្នុងស្រុក” ។

ជាមួយនេះ, ឯកសារ IDP ថ្មីនេះ បានកំណត់គោលបំណង ចំនួន ៤ : ១- បង្កើតការងារដែលមានជំនាញ និង បច្ចេកវិទ្យាខ្ពស់ ព្រមទាំងប្រាក់ចំណូលប្រសើរ, ២- រក្សា និង ជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង, ៣- កសាងវិស័យដែលគាំទ្រដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត, និង ៤- តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធឱ្យមានភាពត្រៀមខ្លួនរួចរាល់ សម្រាប់និន្នាការអនាគត និង មានភាពធន់នឹងបរិស្ថាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីភាពចាំបាច់ ក្នុងការរៀបចំយន្តការស្ថាប័នដឹកនាំអនុវត្ត ដើម្បីធានាឱ្យបាននូវសហថាមពល (Synergy) ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” សំដៅធ្វើការសម្រួចរចនាសម្ព័ន្ធស្ថាប័ន ឱ្យមានភាពស្វាហាប់ និង មុតស្រួច ។
អង្គប្រជុំ បានការវាយតម្លៃខ្ពស់ចំពោះក្រុមការងារឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដែលបានរៀបចំឯកសារនេះឡើង ប្រកបដោយខ្លឹមសារ និង ភាពគ្រប់ជ្រុងជ្រោយ ដែលឆ្លើយតបទៅនឹងស្ថានភាព និង និន្នាការតំបន់ និង សកល ដើម្បីចាប់យកកាលានុវត្តភាព រៀបចំមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍឱ្យបានរឹងមាំ ក្នុងទិសដៅប្រែក្លាយកម្ពុជាទៅជាប្រទេស ចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ។

ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើអង្គប្រជុំផ្តល់ធាតុចូលបន្ថែមមកក្រុមការងារ សំដៅកែលម្អសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះ ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត មុននឹងបន្តការពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ និង វិស័យឯកជន ដើម្បីបូកសរុបជាស្ថាពរ និង ស្នើសុំការសម្រេចពីរាជរដ្ឋាភិបាល ៕
ដោយ៖ ទូច វលក័្ខណ (ប្រភព: ក្រសួងសេដ្ឋកិច្ច)





