មន្ត្រីជាន់ខ្ពស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បើកវគ្គបណ្តុះបណ្តាល ស្តីពី ការងាររដ្ឋបាលជូនមន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--លោក អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះរបស់ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក. គ្រប់ថ្នាក់របស់ខេត្តពោធិ៍សាត់។

នៅក្នុងឱកាសនោះ លោក អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក៏បានគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបទថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។

សូមឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញដែលឧទ្ទេសដោយគ្រូបង្គោល ដែលមានបទពិសោធន៍លើការងារសមាគមជាច្រើនឆ្នាំ ដើម្បីយកធ្វើជាបទពិសោធន៍ ជាមេរៀនសម្រាប់អនុវត្តន៍ការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក. ថ្នាក់កណ្តាល ថ្នាក់ដឹកនាំ និងក្រុមការងារ លេខាធិការដ្ឋាននៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ លោកប្រធានមន្ទីរ ស.អ.យ.ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមខេត្ត ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្តពោធិ៍សាត់ ជាច្វ្រើនរូបទៀត៕
ដោយ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





