អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត៖ ការឧបត្ថម្ភគាំទ្របង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះកីឡាបាល់បោះរទេះជនពិការកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាបានលើកឡើងថា ថវិកាដែលទទួលបានទាំងអស់ ក្នុងពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកាជួយកីឡាបាល់បោះរទេះជនពិការកម្ពុជានឹងត្រូវយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់ការហ្វឹកហាត់ ការចូលរួមប្រកួត ការថែទាំសម្ភារៈកីឡា និងការអភិវឌ្ឍសមត្ថភាពរបស់កីឡាករ កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ដើម្បីឱ្យពួកគាត់អាចបន្តសម្រេចក្តីស្រមៃ និងបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។

នេះជាការលើកឡើងរបស់អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត នៅក្នុងពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកាជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា កាលពីយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមព្រះវត្តមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ រដ្ឋលេខាធិការ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ និងវត្តមាន សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

អ្នកម្នាង ស៊ីសុវត្ថិ គន្ធីរ៉េត បានសង្កត់ធ្ងន់ថា កម្មវិធីនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់សង្គមកម្ពុជាចំពោះជនមានពិការភាព។ ការចូលរួមឧបត្ថម្ភគាំទ្រនាពេលនេះមិនត្រឹមតែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹម កម្លាំងចិត្ត និងឱកាសដល់កីឡាករកីឡាការិនីពិការកម្ពុជាឱ្យបន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។ អ្នកម្នាងប្រធានសហព័ន្ធបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រប់ស្ថាប័ន ដៃគូឧបត្ថម្ភ សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនភាព។

ជាមួយគ្នានេះ លោកជំទាវ ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជាមានប្រសាសន៍ថា ទោះបីជាមានកូនក្មួយ និងចៅៗមានពិការភាពផ្នែករាងកាយក៏ដោយ ក៏កីឡាបាល់បោះរទេះកម្ពុជាបានបង្ហាញនូវឆន្ទៈដ៏មុតមាំ ការតស៊ូ និងស្មារតីមិនចុះចាញ់ ដោយបានខិតខំហ្វឹកហាត់ និងចូលរួមប្រកួតតំណាងជាតិទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងជំរុញឱ្យសង្គមមើលឃើញពីសមត្ថភាពរបស់ជនមានពិការភាព។

ដើម្បីឱ្យកីឡាករ កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជាអាចបន្តអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួតនានា ពួកគេនៅតែត្រូវការការគាំទ្រយ៉ាងសំខាន់ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈកីឡា ឧបករណ៍រទេះពិសេស និងការចំណាយផ្សេងៗពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការប្រកួត៕

ដោយ ហេង ណាលីន





