ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈសំខាន់ៗចំនួន៣៖
១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។
២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈសម័យប្រជុំលើកទី៥ ព្រឹទ្ធសភានីតិកាលទី៥។
៣-ផ្សេងៗ។

ជាលទ្ធផល គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេចកំណត់យកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ នៅវិមានព្រឹទ្ធសភា ដើម្បីបន្តសម័យប្រជុំលើកទី៥ ដោយមានរបៀបវារៈតែមួយគត់គឺ៖ «ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់»។
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





