កម្ពុជា អំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ហើយក៏បានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ដើម្បីការពារកុមារ។ ការថ្លែងបញ្ជាក់របស់តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបែបនេះ នៅក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ឯកឧត្ដម កែវ ឈា បានមានប្រសាសន៍ថា កុមារជាង ៦ ៤០០ នាក់ នៅកម្ពុជានៅតែបន្តភៀសសឹក ហើយកម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការការពារការអប់រំ រួមទាំងតាមរយៈគំនិតផ្តួចផ្តើមដូចជា “សាលារៀនបណ្ដោះអាសន្ននៅជំរំ” របស់កម្ពុជា ដែលរៀបចំសម្រាប់កុមារភៀសសឹក និងសារៈសំខាន់នៃការធានាឱ្យបាននូវជំនួយមនុស្សធម៌ដែលយកចិត្តទុកដាក់ចំពោះកុមារ ដែលផ្តល់ជូនកុមាររងផលប៉ះពាល់។

ឯកឧត្តមក៏បានបញ្ជាក់បន្ថែមផងដែរថា កម្ពុជា នៅតែប្តេជ្ញាធ្វើការជាមួយដៃគូទាំងអស់ ដើម្បីធានាថាកុមារគ្រប់រូបអាចរស់នៅ សិក្សា និងរីកចម្រើន ដោយគ្មានអំពើហិង្សា និងការភ័យខ្លាច៕

ដោយ៖ រិទ្ធី, ប្រភព៖តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ





