ក្រសួងអប់រំនឹងរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មីដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពអប់រំ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំប្រព័ន្ធអធិការកិច្ចសាលារៀនបែបថ្មីដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំនេះមានគោលដៅពិនិត្យ និងពង្រឹងការអនុវត្តយន្តការអធិការកិច្ចសាលារៀន សំដៅជំរុញឱ្យបាននូវប្រព័ន្ធអធិការកិច្ចមួយដែលមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់គុណភាពអប់រំជាលក្ខណៈប្រព័ន្ធ រួមមាន៖ ១.ចាប់ផ្តើមពីការដាក់ចេញនូវវិធានការដើម្បីពង្រឹងគុណភាពអប់រំសាលារៀននៅរាជធានីភ្នំពេញ និង២.ការអនុវត្តគំរូអធិការកិច្ចបែបថ្មី ដែលភ្ជាប់ជាមួយនឹងអ្វីដែលបានអនុវត្តល្អនៅក្នុងគម្រោងទៅនឹងក្របខ័ណ្ឌសាលារៀនទូទៅ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ជូនក្រុមការងារជំនាញដើម្បីអនុវត្តបន្ត រួមមាន៖ ១.សូមក្រុមការងារជំនាញរៀបចំផែនការចុះទៅតាមសាលារៀន ដោយត្រូវចុះអធិការកិច្ចតាមកាលកំណត់ និងតាមប្រធានបទ ២.ដាក់ចំណាត់ថ្នាក់សាលារៀន ដោយការដាក់ពិន្ទុសាលារៀនចាប់ផ្តើមអនុវត្តពីសាលារៀននៅរាជធានីភ្នំពេញ ៣.គ្រប់សាលារៀនទាំងអស់ត្រូវមានរបាយការណ៍ស្វ័យវាយតម្លៃ ដោយស្តង់ដាអធិការកិច្ចដូចគ្នានឹងស្តង់ដាសាលារៀនគំរូ ៤.រៀបចំផ្សព្វ ផ្សាយជាសាធារណៈនូវរាល់របាយការណ៍ដែលមានស្រាប់ ដើម្បីលើកទឹកចិត្តសាលារៀនដែលអនុវត្តបានល្អ និងជំរុញឱ្យសាលារៀនទាំងអស់ខិតខំប្រឹងប្រែងកែលម្អ ៥.រៀបចំធ្វើវេបសាយ (Web Portal)មួយ ដើម្បីផ្សព្វផ្សាយលទ្ធផលអធិការកិច្ចសាលារៀនជាសាធារណៈតាមប្រព័ន្ធឌីជីថល ៦.ត្រូវរៀបចំជាប្រព័ន្ធធានាគុណភាពអប់រំ ដើម្បីជំរុញកំណែទម្រង់សាលារៀន គាំទ្រដល់ការអនុវត្តស្តង់ដាសាលារៀនគំរូ ៧.សាលារៀនដែលនៅក្រោមពិន្ទុស្តង់ដាត្រូវមានវិធានការកែលម្អ និង ៨.ត្រូវលើកកម្ពស់ការផ្សព្វផ្សាយពីវឌ្ឍនភាព និងលទ្ធផលកំណែទម្រង់សាលារៀនឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





