រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមមិត្តភាពដែកថែបរវាង កម្ពុជា-ចិន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម Liu Haixing រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន បានចាត់ទុកដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោថាគឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជានិងចិន។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ សម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Liu Haixing រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេស របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងខណៈដែលសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ ឯកឧត្តម Liu Haixing បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈប្រតិភូមកកាន់ប្រទេសចិននៅពេលនេះ។ ឯកឧត្តមបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោថា គឺជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។ ឯកឧត្តម បានលើកឡើងថា ប្រជាជនចិន បានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អរបស់ចិន។ ឯកឧត្តម ក៏បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់ប្រទេសចិន គឺប្រជាជនចិន បានសម្ដែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។
ឯកឧត្តម Liu Haixing ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះហត្ថលេខា អនុស្សរណៈនៃការយោគយល់គ្នា រវាងគណបក្សនៃប្រទេសទាំងពីរផងដែរ ដែល ឯកឧត្តម សង្ឃឹមថា តាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណបក្សទាំងពីរកាន់តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់អ្នកបន្តវេនជំនាន់ក្រោយរបស់គណបក្ស។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ ឯកឧត្តម ចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោក៏បានរំលេចផងដែរថា នៅក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ ឆ្នាំនៃដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ លើកដំបូង ដែលសម្ដេចបានធ្វើដំណើរមកកាន់សាធារណរដ្ឋប្រជាមានិតចិន ហើយក៏គាប់ជួនចំនឹងខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិនផងដែរ ដែលនេះឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
សម្ដេចតេជោបានលើកឡើងបន្ថែមថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
ដោយ៖ ជឹម ណារី





