គម្រោងខ្នាតយក្ស ១១៣លានអឺរ៉ូ! របត់ថ្មីនៃការគ្រប់គ្រងទឹក និងរុញច្រានសេដ្ឋ កិច្ចកសិកម្ម «អាងស្ទឹងស្វាយចេក» ឲ្យកាន់តែមានសក្ដានុពល
AKP បន្ទាយមានជ័យថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៦--របត់ថ្មីមួយនៃការគ្រប់គ្រងប្រភពទឹក និងការលើកកម្ពស់ជីវភាពប្រជាកសិករនៅក្នុងខេត្តបន្ទាយមានជ័យ បានឈានមកដល់មួយជំហានទៀតហើយ បន្ទាប់ ពីថ្នាក់ដឹកនាំក្រសួងជំនាញ និងរដ្ឋបាលខេត្ត បានបើកកិច្ចប្រជុំកំពូលមួយ ដើម្បីជំរុញ «គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក» ក្រោមទុនវិនិយោគសរុបជាង ១១៣ លានអឺរ៉ូ។

នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ មានរៀបចំកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់មួយ ពាក់ព័ន្ធនឹងវឌ្ឍនភាព និងការអនុវត្តគម្រោងខ្នាតធំមួយនេះ។
កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្ដម ចាន់ យុត្ថារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយ មានការអញ្ជើញចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធជាច្រើនរូប។
គម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក មិនត្រឹមតែជាគម្រោងអភិវ ឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រគន្លឹះក្នុងការធានាសន្តិសុខទឹក និងជំរុញវិស័យកសិកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ខេត្តជាប់ព្រំដែនមួយនេះ។
ឯកឧត្ដម ចាន់ យុត្ថា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព ខណៈដែលឯកឧត្តម អ៊ុំ រាត្រី បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋបាលខេត្ត ក្នុងការសហការគាំទ្រ ដើម្បីឲ្យគម្រោងនេះដំណើរការទៅដោយរលូន និងផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជា ពលរដ្ឋមូលដ្ឋាន។

ទិន្នន័យគន្លឹះ និងទិដ្ឋភាពទូទៅនៃគម្រោងខ្នាតយក្សនេះកញ្ចប់ថវិកាវិនិយោគសរុប ១១៣.៣៥ លានអឺរ៉ូ ដែលជាហិរញ្ញប្បទានរួមគ្នាពី ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), មូលនិធិបរិស្ថានសកលបារាំង (FFEM) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
រយៈពេលអនុវត្ត មានទស្សនវិស័យវែង ឆ្ងាយរហូតដល់ ៦ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពី ខែមេសា ឆ្នាំ២០២៦ ដល់ ខែតុលា ឆ្នាំ២០៣១។
សហការអនុវត្តដោយផ្ទាល់ក្រសួងធន ធានទឹក និងឧតុនិយម (MOWRAM) និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ដើម្បីធានាថា ទឹកមានហើយ ការបង្កបង្កើនផលក៏មានបច្ចេកទេសខ្ពស់។
ផលជះជាវិជ្ជមានប្រជាជនជាង ១១សែននាក់ នឹងទទួលបានផលប្រយោជន៍អាងស្ទឹងស្វាយចេក មានផ្ទៃអាងសរុបរហូតដល់ ១,៨៨៧ គីឡូម៉ែត្រការ៉េ (លាតសន្ធឹងចន្លោះកម្ពុជា និងថៃ) ដោយនៅក្នុងទឹកដីកម្ពុជាមានចំណែក ៥៦%។ គម្រោងនេះនឹងគ្របដណ្តប់លើដែនដី ស្រុក/ក្រុងចំនួន ៤, ឃុំ/សង្កាត់ចំនួន ១៥ និងភូមិចំនួន ១០០។

ផលប្រយោជន៍ផ្ទាល់ ប្រជាពលរដ្ឋប្រមាណ ១១៤,០០០ នាក់ នឹងទទួលបានផលប្រយោជន៍ពីការគ្រប់គ្រងទឹក និងប្រព័ន្ធធារាសាស្ត្រថ្មីនេះ។
ដោយសារប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ភាគច្រើនលើសលប់ពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ជាពិសេសគឺការដាំដុះ «ស្រូវ និងដំឡូងមី»គម្រោងនេះនឹងក្លាយជាខ្នងបង្អែកដ៏រឹងមាំក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ស្រោចស្រព ជួយកាត់បន្ថយហានិភ័យពីគ្រោះរាំងស្ងួត និងទឹកជំនន់ ព្រមទាំងជួយលើកកម្ពស់ទិន្នផលកសិកម្ម ដើម្បីបំប្លែងទៅជាប្រាក់ចំណូលគ្រួសារកាន់តែប្រសើរឡើង។
កិច្ចប្រជុំពិភាក្សានារសៀលនេះ បានបង្ហាញពីសញ្ញាណវិជ្ជមាន និងការត្រៀមខ្លួនរួចជាស្រេចរបស់អាជ្ញាធរខេត្តបន្ទាយមានជ័យ និងក្រសួងសាមី ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់អាងស្ទឹងស្វាយចេក ក្នុងរយៈពេល ៦ឆ្នាំខាងមុខនេះ៕
ដោយ៖ឈុនសារ៉ាត





