ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាដាច់ណាត់៖ «កងកម្លាំងមិនត្រូវនៅពីក្រោយបទល្មើសឡើយ» ព្រមទាំងដាក់ទិសដៅក្តៅពង្រឹងសន្តិសុខ និងបោសសម្អាតហ្គេមអនឡាញទូទាំងខេត្ត
AKPបន្ទាយមានជ័យថ្ងៃទី ២៦ខែ មិថុនាឆ្នាំ២០២៦--នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដាច់ណាត់ដល់កងកម្លាំងនគរបាលទូទាំងខេត្ត មិនត្រូវមានការពាក់ព័ន្ធ ឬនៅពីក្រោយខ្នងនៃសកម្មភាពល្មើ សច្បាប់ណាមួយឡើយ ជាពិសេសគឺបទល្មើសល្បែងស៊ីសងអនឡាញ (Online Scams)។

លោកស្នងការបានព្រមានធ្ងន់ៗថា នឹងចាត់វិធានការច្បាប់គ្មានការលើកលែង បើសិនជាស្រាវជ្រាវរកឃើញថាមានកងកម្លាំងណាម្នាក់ពាក់ព័ន្ធ។
ការថ្លែងព្រមានជាសាធារណៈនិងការដាក់ទិសដៅការងារក្តៅៗបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបសភាព ការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមិថុនា ឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី១៩ ខែមីថុនា ឆ្នាំ២០២៦) និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៥ ខែមិ ថុនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនី យ៍ស្នងការរង នាយ-នាយរងការិយាល័ យជំនាញទាំង៣១ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៩។
លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ នៅតែជំរុញឱ្យកងកម្លាំងទាំងអស់បង្កើនការប្រុងប្រយ័ត្ន និងពង្រឹងការងារឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ លោកស្នងការបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដោយស្នងការរងត្រូវចុះផ្ទាល់ដល់មូលដ្ឋាន តាមបណ្តាក្រុង-ស្រុកទាំង៩ ត្រូវចុះទៅប្រជុំដោយផ្ទាល់នៅតាមអធិការដ្ឋាន និងត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព ផ្ដោតលើការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស ចោរលួច ឆក់ ប្លន់ គ្រឿង ញៀន ក្មេងទំនើង និងល្បែងស៊ីសងអនឡាញ។
នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ទៅលើទីតាំងសង្ស័យទាំងឡាយណាដែលអាចមានជនបរទេសស្នាក់នៅខុសច្បាប់ ឬទីតាំងដែលអាចបង្កបទល្មើសផ្សេងៗ នៅក្នុងភូមិសាស្ត្រគ្រប់គ្រងរបស់ខ្លួន។

រាល់ការិយាល័យជំនាញគ្រប់ផ្នែកទាំងអស់ ត្រូវតែពង្រឹងស្មារតី បំពេញ ភារកិច្ចទៅតាមតួនាទីរៀងៗខ្លួនឱ្យបានល្អប្រសើរ និងមានលក្ខណៈស៊ីជម្រៅជាងមុន។
ជាមួយនោះ លោកស្នងការបានរំលឹកកងកម្លាំងទាំងអស់ ត្រូវថែរក្សាសាម គ្គីភាពផ្ទៃក្នុងឱ្យបានល្អជាធ្លុងមួយ ដើម្បីធានាបាននូវការសម្រេចរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់បំផុតជូនប្រជាពលរដ្ឋ។
ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់លោក ស្នងការនគរបាលខេត្តបន្ទាយមានជ័យ គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងការបង្កើតភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទូទាំងខេត្ត៕
ដោយ ៖ឈុនសារ៉ាត





