FFC ប្រកាសបញ្ជីឈ្មោះកីឡាការិនី២៣នាក់ប្រមូលផ្តុំហ្វឹកហាត់ ត្រៀម ASEAN Women’s Cup 2026 នៅម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសបញ្ជីឈ្មោះកីឡាការិនីជម្រើសជាតិកម្ពុជា ២៣នាក់ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតពានរង្វាន់នារីអាស៊ាន (ASEAN Women’s Cup 2026) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១០-២២ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិនារីកម្ពុជា ២៣នាក់ គឺត្រូវបានក្រុមបច្ចេកទេសគ្រូបង្វឹកនៃ FFC ជ្រើសរើសចេញពីក្លឹបបឹងកេត ម្នាក់ សៀមរាប ៤នាក់ ព្រះខ័នរាជស្វាយរៀង ២នាក់ ភ្នំពេញក្រោន ៧នាក់ ណាហ្គាវើលដ៍ ២នាក់ វិសាខា ៥នាក់ និងកីឡាការិនីកូនកាត់ខ្មែរ-កាណាដា ម្នាក់ និងកូនកាត់ខ្មែរ-អាមេរិក ម្នាក់។ កូនកាត់ខ្មែរ-កាណាដា គឺកីឡាការិនី ឈីវ សាលីណា ធ្លាប់ចូលរួមជួយក្រុមជម្រើសជាតិនារីកម្ពុជាច្រើនលើក ចាប់តាំងពីជួយប្រកួតស៊ីហ្គេម ២០២៣ មក។ កីឡាការិនី ឈីវ សាលីណា កំពុងលេងឱ្យក្រុម Saint-Laurent នៅប្រទេសកាណាដា ក្នុងតំណែងខ្សែបម្រើ។ ចំពោះកូនកាត់ខ្មែរ-អាមេរិក គឺកីឡាការិនី សាំង រ៉ូសានហ្គីនដូលីន ដែលត្រូវបានកោះហៅជាលើកដំបូង ដោយកីឡាការិនីវ័យ២១ឆ្នាំរូបនេះកំពុងលេងឱ្យក្រុមសាកលវិទ្យាល័យ Pacific នៅសហរដ្ឋអាមេរិក ក្នុងតួនាទីខ្សែបម្រើ។

ក្រោយការចាប់ឆ្នោតចែកពូល នៅដើមសប្តាហ៍នេះ គឺក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុមនារីទីម័រខាងកើត និងក្រុមការពារម្ចាស់ជើងឯក ឥណ្ឌូណេស៊ី នៅក្នុងការប្រកួតបាល់ទាត់នារីពានរង្វាន់អាស៊ាន ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១០-២២ ខែកក្កដា ឆ្នាំ២០២៦។ ពានរង្វាន់នារីអាស៊ានឆ្នាំ២០២៦ មាន៦ក្រុមចូលរួមប្រជែងជើងឯក ដោយពូល A មានម្ចាស់ផ្ទះ ម៉ាឡេស៊ី សិង្ហបុរី និងឡាវ ខណៈពូល B មានក្រុមការពារជើងឯក ២០២៤ ក្រុមឥណ្ឌូណេស៊ី ក្រុមជើងឯករង កម្ពុជា និងទីម័រខាងកើត។

សម្រាប់២ប្រកួតរបស់ក្រុមនារីកម្ពុជា ក្នុងវគ្គសន្សំពិន្ទុ ពូល B គឺប៉ះ ក្រុមនារីទីម័រខាងកើត នាវេម៉ោង ១៦:៤៥ នាទី ថ្ងៃទី១៣ ខែកក្កដា ២០២៦ នៅកីឡដ្ឋាន Kuala Lampur Football Stadium និងបន្តប៉ះក្រុមការពារតំណែងជើងឯក ឥណ្ឌូណេស៊ី នាវេលាម៉ោង ១៦:៤៥នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅកីឡដ្ឋាន UITM Stadium។

ព្រឹត្តិការណ៍បាលទាត់នារី ASEAN Women’s Cup នឹងជ្រើសរើសបេក្ខភាពជ័យលាភី៣ក្រុមពីចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ដើម្បីចូលរួមប្រកួតជើងឯកបាល់ទាត់នារីអាស៊ាន (ASEAN Women’s Championship) ជាមួយបេក្ខភាព ៥ក្រុមទៀតកំពុងឈររង់ចាំ។ គួររម្លឹកថា ASEAN Women’s Cup 2024 ក្រុមនារីកម្ពុជាទទួលបានជើងឯករង បន្ទាប់ពីបានប្រកួតចាញ់ក្រុមឥណ្ឌូណេស៊ី ១-៣ នៅវគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៤ ខណៈជម្រើសជាតិនារីសិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣៕
ដោយ ហេង ណាលីន (រូបភាពឯកសារ៖ FFC)





