សាខាកាកបាទក្រហម ខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំស្តីពីការកៀរគររកមូលនិធិ"បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌"
AKP បាត់ដំបង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការកៀរគររកមូលនិធិក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ"បន្តរួមកម្លាំងគ្នាដើម្បីមនុស្សធម៌" ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដោយមានការអញ្ចើញចូលរួមពីពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ គណៈកម្មាធិការសាខា អនុសាខាក្រុងស្រុកទាំង១៤ សរុប៧២នាក់ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានស្នើដល់មន្ទីរអង្គភាព អនុសាខាក្រុង-ស្រុកទាំអស់និងមន្ត្រីប្រតិបត្តិសាខាត្រូវខិតខំកៀរគររកមូលនិធិពីសប្បុរសជននានាបន្តទៀត ដើម្បីជួយទ្រទ្រង់ ដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្នុង ភូមិសាស្ត្ររបស់ខេត្ត ហើយចូលរួមអនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនគិតពីពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ដើម្បីឆ្ពោះទៅការកៀរគររកមូលនិធិសម្រាប់ទិវា៨ឧសភា ២០២៦ ឱ្យទទួលបានជោគជ័យសាខាខេត្តបាត់ដំបង សង្ឃឹមជឿជាក់ថា សប្បុរសជននឹង ចូលរួម ឧបត្ថម្ភគាំទ្រ ជាថវិកាសម្ភារៈដើម្បីសាខាសម្រេចបានចក្ខុវិស័យនិងបេសកកម្ម របស់កាកបាទក្រហមកម្ពុជា ក្នុងការកៀរគរ កម្លាំងមនុស្សធម៌ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុត តាមរយៈ វិស័យស្នូលទាំង៤ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និង អឌ្ឍចន្ទក្រហម។

ឯកឧត្តម សុខ លូ មានសេចក្តីរំពឹងទុក្ខ និងជឿជាក់ថា សប្បុរសជនទាំងអស់បន្ត ចូលរួមជួយឧបត្ថម្ភគាំទ្រថវិកានិងសម្ការៈដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តដើម្បីមានលទ្ធភាព ក្នុងការបម្រើការងារ មនុស្សធម៌ តាមយៈការឧបត្ថម្ភផ្ទាល់នៅទីស្នាក់ការសាខាខេត្ត ដែលមានគណៈកម្មាធិការសាខារង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយនូវវិភាគទានរបស់ប្បុរសជនគ្រប់ពេលវេលា ដើម្បីសមាគមជាតិមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានាបន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាល ទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សប្បុរសជនទាំងអស់អាចបរិច្ចាគថវិកា និងសម្ភារ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ឬ តាមគណនីធនាគារដែលមានឈ្មោះ CAMBODIAN RED CROSS BTB មានដូចខាងក្រោម ៖
>ធនាគារ អេប៊ីអេ (ABA Bank)
-គណនីប្រាក់រៀល 003585989 (KHR)
-គណនីប្រាក់ដុល្លារអាមេរិក
003585971 (USD)
ទំនាក់ទំនងឧបត្ថម្ភតាមរយៈទូរស័ព្ទលេខ៖
-ឯកឧត្តម ផេង សិទ្ធី
: 012 873 536
: 098 873 536
-លោក សុវណ្ណ វិទិត្យា
: 077 630 834
-លោក កុសុម សុភីនារ៉ា
: 061 818 116 ៕
ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





