រដ្ឋមន្រ្តីសុខាភិបាល៖ សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា សូមកុំខ្លាចនឹងទទួលយកកង្វះខាតរបស់យើង ទោះទទួលបានតាមវិធីណាក៏ដោយ ត្បិតយើងសុខាភិបាលបានមូលមាត់គ្នាថាខិតខំបន្តកែលម្អលើកិច្ចការដែលនៅមានចន្លោះប្រហោង ដោយធ្វើដំណើលើផ្លូវដ៏ត្រឹមត្រូវសម្រាប់ការថែរក្សាសុវត្ថិភាព និងសុខភាពប្រជាពលរដ្ឋយើង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារពាក់កណ្តាលឆ្នាំ និងរៀបចំផែនការងាររបន្តឱ្យកាន់តែប្រសើរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋន្រ្តីបានលើកឡើងពីលទ្ធផលស្រាវជ្រាវចេញផ្សាយឆ្នាំ២០២៦ របស់ធនាគារពិភពលោក (The World Bank) ជាមួយដៃគូអភិវឌ្ឍន៍ Australian Aid European Union & Global Financing Facility ដែលបង្ហាញថា «ជារួម ប្រពន្ធ័សុខាភិបាលកម្ពុជា បានឈានដល់ថ្នាលដ៏រឹងមាំមួយ ដែលផ្តល់លទ្ធភាពឱ្យទទួលបានការថែទាំព្យាបាលសុខភាព ដោយផ្តោតចម្បងលើអ្នកជំងឺ»។

ឯកឧត្តមសាស្រ្តាចារ្យបានកោតសរសើរ និងថ្លែងនូវអំណរគុណដល់បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងគុណភាពសេវា និងបង្កើនការយកចិត្តទុកដាក់ក្នុងការងារ ដោយមានការសាទរពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅតាមមណ្ឌលសុខភាព ដែលការមកទទួលសេវា មានការកើនឡើងជាលំដាប់ ដែលនេះជាភស្តុតាងមួយបញ្ជាក់ថា ប្រជាពលរដ្ឋមានការជឿទុកចិត្តមកលើប្រព័ន្ធសុខាភិបាលសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានគូសរំលឹកបន្ថែមឱ្យបន្តខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងការបញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យបានជំរុញគុណភាពសេវានៅតាមមន្ទីរពេទ្យខេត្ត ឱ្យដូចមន្ទីរពេទ្យជាតិ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ទទួលសេវាដែលនៅកៀកជិតផ្ទះ និងអាចកាត់បន្ថយការចំណាយ ហើយដែលមានគុណភាព ក្រមសីលធម៌ និងទំនុកចិត្ត ព្រមទាំងបន្តយកចិត្តទុកដាក់ទៅលើការងារជំងឺមិនឆ្លង (NCDs) និងការងារឱសថបូរាណផងដែរ។


កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពីរដ្ឋលេខាធិការ ដល់ប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





