ប្រទេសសមាជិកអាស៊ាន និងដៃគូ ឯកភាពគ្នាលើការខិតខំរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសការឆរបោកតាមប្រព័ន្ធអនឡាញ
AKP សៀមរាប ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយការបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន(DGICM) លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងនៅខេត្តសៀមរាប នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះថា ក្រុមមន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃបណ្តាប្រទេសជាសមាជិកអាស៊ានរួមជាមួយប្រទេសជាដៃគូ បានឯកភាព និងគាំទ្រគ្នា នៅក្នុងការខិតខំប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននានា ដូចជាការជួញដូរមនុស្ស ឧក្រិដ្ឋកម្មគ្រឿងញៀន និងការឆរបោកតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម សុខ វាសនា បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកម្រិតថ្នាក់អគ្គនាយកអន្តោប្រវេសន៍ ដែលបានធ្វើឡើងនៅក្រុងសៀមរាបនាពេលនេះ យើងមានការឯកភាពច្រើនចំណុច ក្នុងនោះមានចំណុចសំខាន់ចំនួន២ គឺការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរព័ត៌មាននានា នៅក្នុងការរួមគ្នាបន្ថែមទៀតលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការឆរបោកតាមប្រព័ន្ធអនឡាញ។ ឯកឧត្តមបន្តថា លើសពីនេះ បណ្តាប្រទេសជាដៃគូដូចជា ចិន ជប៉ុន អូស្ត្រាលី កូរ៉េខាងត្បូង សុទ្ធតែបានគាំទ្រលើកិច្ចការនេះ។


ឯកឧត្តម សុខ វាសនា បានបន្តថា ក្រៅពីការឯកភាពគ្នាក្នុងការប្រយុទ្ធប្រឆាំងបទល្មើស សមាជិកនៃកិច្ចប្រជុំ ក៏បានឯកភាពគ្នាតាមសំណើររបស់កម្ពុជា ក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តោប្រវេសន៍អាស៊ាននៅកម្ពុជា។ឯកឧត្តមថា ការបង្កើតនេះ ជាមុខមាត់ថ្មីបន្ថែមទៀតរបស់កម្ពុជា។
សូមជម្រាបថា កិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន(DGICM)បានកើតឡើងអស់រយៈពេល៣០ឆ្នាំមកហើយ ហើយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះចំនួនបីលើកមកហើយ។ ចាប់តាំងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ DGICMបានប្រែក្លាយជាវេទិកាមួយកាន់តែមានសារៈសំខាន់ សម្រាប់ការពង្រឹងកិច្ចសន្ទនាក្នុងតំបន់ ការពិគ្រោះយោបល់ សំដៅដាក់ចេញនូវយន្តការសម្រួលដល់ការធ្វើដំណើរ និងការបង្ការទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែននានាកាន់តែមានប្រសិទ្ធភាពខ្ពស់។


ឯកឧត្តម សុខ វាសនា បានបញ្ជាក់ថា សម្រាប់រយៈពេល ៣០ឆ្នាំនេះ ចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពិតជាមានមោទនភាពណាស់ ដែលបានរួមដំណើរជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូពិគ្រោះយោបល់ដទៃទៀត ក្នុងការធ្វើឱ្យសម្រេចបាននូវស្នាដៃ និងសមិទ្ធផលថ្មីៗជាច្រើន ដែលជាប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើង និងសហគមន៍អាស៊ានរបស់យើង ចាកផុតពីការគំរាមគំហែងនៃឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងបទល្មើសអន្តោប្រវេសន៍នានា៕
ដោយ ឃុត សៅ





