កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
អញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ លោក លោកស្រីប្រធានអង្គភាពទាំងអស់ក្រោមឱវាទក្រសួង ដោយឡែក ឯកឧត្តម លោកជំទាវជាទីប្រឹក្សាក្រសួង ព្រមទាំងមន្រ្ដីរាជការក្រសួង មន្ដ្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី-ខេត្ត អញ្ជើញចូលរួមតាមប្រព័ន្ធនិម្មិត (Zoom)។


តាមរយៈរបាយការណ៍វឌ្ឍនភាពការងារដែលបានអានដោយ ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានបញ្ជាក់ថា៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង រួមមាន៖
កម្មវិធីទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទប្រកបដោយភាពធន់,
កម្មវិធីទី២. ការលើកកម្ពស់ការទទួលបានទឹកស្អាតនិងអនាម័យបរិស្ថានជនបទ,
កម្មវិធីទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទនិងចលនាភូមិគំរូ,
កម្មវិធីទី៤. ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង
កម្មវិធីទី៥ . ការគ្រប់គ្រងស្ថាប័ននិងសេវាគាំទ្រទូទៅ ដែលជាលទ្ធផល ក្រសួងសម្រេចបានវឌ្ឍនភាពជារួម ៥១,២៦%។


ឯកឧត្ដម ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យក្រសួងសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ស្របតាមផែនការ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ ដែលជាការបង្ហាញអំពីការចូលរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងការឯកភាពជាមួយនឹងទិសដៅការងារបន្ដដែលគ្រោងដាក់ចេញ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន តាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ទាំងលើផ្នែកបច្ចេកទេស និងផ្នែករដ្ឋបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀតលើវិស័យអភិវឌ្ឍន៍ជនបទ ស្របតាមផែនការប្រចាំឆ្នាំដែលក្រសួងបានដាក់ចេញ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





