និស្សិតកម្ពុជាចំនួន ៤១រូប ទទួលបានអាហារូបករណ៍ពេញលេញ ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦–ស្ថានទូតឥណ្ឌា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីអបអរសាទរ និងជូនដំណើរដល់និស្សិតកម្ពុជាចំនួន ៤១រូប ដែលត្រូវបានជ្រើសរើសឱ្យទទួលបានអាហារូបករណ៍ក្រោមកម្មវិធីអាហារូបករណ៍របស់ក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ (ICCR) សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧។ និស្សិតជ័យលាភីទាំងអស់នឹងបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាឈានមុខនានាក្នុងប្រទេសឥណ្ឌា ក្រោមកម្មវិធីអាហារូបករណ៍ពេញលេញដែលឧបត្ថម្ភដោយរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងស្ថានទូតឥណ្ឌា ព្រមទាំងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ផងដែរ។


នៅក្នុងប្រសាសន៍ថ្លែងអបអរសាទរទៅកាន់និស្សិតជ័យលាភី ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រទេសឥណ្ឌាគឺជាទឹកដីនៃមជ្ឈមណ្ឌលសិក្សាធិការដ៏ចំណាស់ជាងគេបំផុតមួយក្នុងពិភពលោក និងមានប្រព័ន្ធអប់រំឧត្តមសិក្សាដ៏ធំបំផុតមួយផងដែរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកទឹកចិត្តដល់និស្សិតទាំងអស់ឱ្យខិតខំក្រេបជញ្ជក់ចំណេះដឹង និងទាញយកប្រយោជន៍ជាអតិបរមាពីឱកាសសិក្សាដ៏មានតម្លៃនេះនៅក្នុងប្រទេសឥណ្ឌា។ ឯកឧត្តមក៏បានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា អាហារូបករណ៍នេះនឹងបើកនូវកាលានុវត្តភាពថ្មីៗសម្រាប់និស្សិតគ្រប់រូប។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវក្តីសោមនស្សរីករាយដែលនិស្សិតកម្ពុជាជាច្រើននឹងមានឱកាសចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) និងគ្រឹះស្ថានឧត្តមសិក្សាលំដាប់ពិភពលោកដទៃទៀតរបស់ឥណ្ឌា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះឧត្តមភាពផ្នែកការសិក្សា និងសមិទ្ធផលស្រាវជ្រាវ តាមរយៈកម្មវិធីអាហារូបករណ៍ ICCR នេះ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកម្មវិធីអាហារូបករណ៍ និងបទពិសោធន៍សិក្សានៅប្រទេសឥណ្ឌា និស្សិតទាំងអស់នឹងអាចរួមចំណែកដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា ក្រោយពេលបញ្ចប់ការសិក្សា ហើយថែមទាំងជួយពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតថែមទៀត។
សូមជម្រាបថា ICCR គឺជាស្ថាប័នស្វយ័តមួយស្ថិតក្រោមក្រសួងកិច្ចការបរទេសនៃរដ្ឋាភិបាលឥណ្ឌា ដែលគ្រប់គ្រងអាហារូបករណ៍ប្រមាណ ៤,០០០ កន្លែងជារៀងរាល់ឆ្នាំ ក្រោមកម្មវិធីអាហារូបករណ៍ជាង ២០ប្រភេទ សម្រាប់និស្សិតមកពីជិត ១៨០ ប្រទេស។ ជារៀងរាល់ឆ្នាំ មាននិស្សិតអន្តរជាតិជាង ៦,០០០ នាក់កំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសឥណ្ឌា ក្រោមកម្មវិធីដែលគាំទ្រដោយ ICCR។ គិតមកទល់បច្ចុប្បន្ន មាននិស្សិតកម្ពុជាជាង ៣៥០ នាក់ហើយ ដែលបានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ ICCR ក្នុងនោះរួមមានទាំងអ្នកដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងអ្នកដែលកំពុងបន្តការសិក្សានៅប្រទេសឥណ្ឌា។

កម្មវិធីអាហារូបករណ៍ ICCR ផ្តល់ឱកាសដល់និស្សិតកម្ពុជាក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាល្បីៗមួយចំនួនរបស់ឥណ្ឌា រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាឥណ្ឌា (IITs) វិទ្យាស្ថានបច្ចេកវិទ្យាជាតិ (NITs) សាកលវិទ្យាល័យដេលី (University of Delhi) សាកលវិទ្យាល័យណាលន្ទា (Nalanda University) សាកលវិទ្យាល័យអន្ធ្រា (Andhra University) និងគ្រឹះស្ថានសិក្សាល្បីល្បាញជាច្រើនទៀត ដែលលេចធ្លោខាងផ្នែកស្រាវជ្រាវ និងការអប់រំ។ កម្មវិធីនេះគ្របដណ្តប់លើមុខជំនាញយ៉ាងទូលំទូលាយ រួមមាន វិស្វកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា មនុស្សសាស្ត្រ ពុទ្ធសាសនវិទ្យា ទស្សនវិជ្ជា គ្រប់គ្រង ព្រមទាំងវិទ្យាសាស្ត្រសង្គម៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំរាជធានីភ្នំពេញ





