គណៈកម្មាធិការសមាគមអតីតយុទ្ធជន បើកវគ្គបណ្ដុះបណ្ដាលការងាររដ្ឋបាល ជូនគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ ក្នុងខេត្តបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន(អ.ន.ក) ខេត្តបាត់ដំបង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្រ្គោះសមាគមអតីតយុទ្ធជន និងនិវត្តជនជូនថ្នាក់ដឹកនាំក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក ខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ។

ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ អតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តបាត់ដំបង មានចំនួន ១៨ ១១៧នាក់ បានចូលជាសមាជិក អ.ន.ក. ខេត្ត សរុបចំនួន ១១ ៨២៥នាក់ ក្នុងនោះមាន ជនពិការ ៥ ៦១៤នាក់ និវត្តជន ៤ ១៨៩នាក់ គ្រួសារជនពលី ១ ៦៧៤នាក់ គ្រួសារជនមរណៈ២២៦នាក់ ជនបាត់បង់សមត្ថភាពការងារ ១២២នាក់។ វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ធ្វើឡើងដើម្បីពង្រឹងសមត្ថភាពការងាររដ្ឋបាល ការទទួលខុសត្រូវ និងការគ្រប់ គ្រងទិន្នន័យឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម។ ភាពចាំបាច់នៃបេឡា មរណៈសង្គ្រោះគឺជាការងារដោះស្រាយផលប្រយោជន៍ និងការសម្រាលទុក្ខលំបាករបស់គ្រួសារសមាជិក អ.ន.ក. ពេលទទួលមរណភាព។ ដូច្នេះទាមទារឱ្យមានតម្លាភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលាដោយមិនត្រូវទុកឱ្យឯកសារ គាំង ឬយឺតយ៉ាវឡើយ។

ការធ្វើបច្ចុប្បន្នភាពទិន្នន័យត្រូវក្តាប់ឱ្យបានច្បាស់លាស់នូវចំនួនសមាជិក អ.ន.ក.ជាក់ស្តែងក្នុងមូលដ្ឋានទាំងអ្នកកំពុងរស់នៅ អ្នកផ្លាស់ប្តូរទីលំនៅ និងអ្នកទទួលមរណភាពដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងផ្ដល់ការឧបត្ថម្ភ។ ការធ្វើលិខិតស្នាម ការបញ្ជូនរបាយការណ៍ពីសាខាឃុំ សង្កាត់ មកថ្នាក់ក្រុង ស្រុក និងបន្តមកថ្នាក់ខេត្ត ត្រូវធ្វើឡើងតាមទម្រង់បទដ្ឋានរដ្ឋបាលដែលបានរៀនសូត្រ និងធានាឱ្យបានលឿនរហ័ស។ ចំពោះការបញ្ចូលសមាជិកថ្មី ត្រូវសហការរៀបចំបញ្ចូល និងទទួលស្គាល់សមាជិកសកម្មថ្មីៗ ទាំងអតីតយុទ្ធជន និងនិវត្តជនឱ្យបានឆាប់រហ័ស ដើម្បីពង្រីកវិសាលភាពគាំពារ។ ឯកឧត្តម ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្ដាប់ការឧទ្ទេសនាមរបស់ក្រុមសម្របសម្រួលថ្នាក់ជាតិ ក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ និងលើកឡើងនូវរាល់បញ្ហាប្រឈមជាក់ស្តែង ដែលធ្លាប់ជួបប្រទះក្នុងមូលដ្ឋាន ដើម្បីយកមកពិភាក្សា រកដំណោះស្រាយរួមគ្នាក្នុងវគ្គបណ្តុះបណ្តាលនេះ។ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីជាការតបស្នងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជនចំពោះជាតិមាតុភូមិ។

ឯកឧត្តម អ៊ុក ឃ្នួច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ អ.ន.ក ខេត្តបាត់ដំបង និងខេត្តប៉ៃលិនគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារបម្រើដល់អតីតយុទ្ធជន និងនិវត្តជនបានយ៉ាងល្អប្រសើរ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





