ចុះត្រួតពិនិត្យទីតាំងសង្ស័យ ONLINE SCAMS ចំនួន១០១ទីតាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រកឃើញជនបរទេសស្នាក់នៅចំនួន៣៤១នាក់ ក្នុងនោះឃាត់ខ្លូន២៤នាក់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យ ទីតាំងសង្ស័យ និងផ្សព្ធផ្សាយអនុក្រឹត្យលេខ ០៣ នៅតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ បានចំនួន ១០១ទីតាំង ដោយរកឃើញជនបរទេសស្នាក់នៅសរុបចំនួន៣៤១នាក់(ស្រី១១៨នាក់) គ្មានលិខិតឆ្លងដែន ២០នាក់ និងជនប្រព្រឹត្ដបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា ONLINE SCAMS២៤នាក់ កំពុងកសាងឯកសារបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីហើយ ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦នេះថា៖ ក្នុងចំណោមទីតាំងទាំង១០១នេះ ក្រុមការងារបានរកឃើញបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១ករណី ស្ថិតនៅបុរីជីបម៉ុង៥០ម៉ែត្រ ភូមិគ្រឹះលេខ១១ ផ្លូវ P០៤ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន២៤នាក់ (ស្រី១នាក់) ក្នុងនោះមានជនជាតិចិន ២៣នាក់ និងជនជាតិម៉ាឡេស៊ី១នាក់ (ស្រី) ព្រមទាំងដកហូតសម្ភារមួយចំនួនរួមមាន៖ ម៉ូនីទ័រ ២គ្រឿង ធុងCPU ១គ្រឿង កុំព្យូទ័រយួរដៃ២២ គ្រឿង ទូរស័ព្ទ ៦៩១គ្រឿង Router WiFi ១គ្រឿង ដុំបំបែកអ៊ីនធឺណែត (Wireless Access Point) ១០គ្រឿង ដុំសាកទូរស័ព្ទ ១០គ្រឿង និងម៉ាស៊ីន DVR ១គ្រឿង។

តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រួតពិនិត្យឃើញថា ជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្រោមរូបភាពបញ្ចុះបញ្ចូលអូសទាញជនរងគ្រោះឱ្យចូលរួមវិនិយោគភាគហ៊ុនតាមប្រព័ន្ធបច្ចេកវិទ្យា និងមានគោលដៅទៅប្រទេសម៉ាឡេស៊ី។
លោកស្រី ដោ សម្ផស្សបានបន្តថា៖ ដោយឡែកក្នុងប្រតិបត្តិការនេះដែរ រដ្ឋបាលខណ្ឌសែនសុខ បានចុះត្រួតពិនិត្យរកឃើញទីតាំងប្រព្រឹត្តបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ១ករណី ស្ថិតនៅខុនដូរ អេចសែនសុខ ជាន់ទី២៥ បន្ទប់A២ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ២នាក់ (ប្រុស) ព្រមទាំងដកហូតសម្ភាររួមមាន៖ គ្រឿងញៀន ៥កញ្ចប់ និងដបទឹកកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀន៤ដប។បច្ចុប្បន្នជនសង្ស័យ និងសម្ភារទាំងអស់ដែលពាក់ព័ន្ធនឹងបទល្មើសទាំងពីរត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី។

សូមបញ្ជក់ផងដែរថា៖ ក្នុងរង្វង់ប្រតិបត្ដិការ៥ថ្ងៃចុះពិនិត្យទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសONLINE SCAMS នៅខណ្ឌ សែនសុខ ,ដូនពេញ,៧មករា, មានជ័យ,ដង្កោ, ពោធិ៍សែនជ័យ រកឃីញជនបទរទេសស្នាក់នៅជិត២ពាន់នាក់ និងជនប្រព្រឹត្ដបទល្មើសជិត៤០នាក់ ៕

ដោយ សួស សំរិត





