អ្នកក្រុងសិរីសោភ័ណញញឹមបិទមាត់មិនជិត ដោយទទួលបាន ផ្លូវបេតុងថ្មីចំនួន៦ខ្សែ ទើបបើកការដ្ឋានសាងសង់នាព្រឹកមិញនេះ
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦--ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅតែជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាក់ស្តែង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នេះ អាជ្ញាធរក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ចំនួន ៦ខ្សែ ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ដែលជាគម្រោងប្រើប្រាស់កញ្ចប់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ទីប្រជុំជន។

ពិធីបើកការដ្ឋាននេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ស្រេង សុផល អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមានការអញ្ជើញចូលរួមពី មន្ត្រីពាក់ព័ន្ធ លោកចៅសង្កាត់កំពង់ស្វាយ, ក្រុមប្រឹក្សាសង្កាត់, អាជ្ញាធរភូមិពាក់ព័ន្ធ, តំណាងក្រុមហ៊ុនម៉ៅការ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
នៅក្នុងឱកាសនោះ លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងឥតប្រែប្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកអភិបាលក្រុងបានសង្កត់ធ្ងន់ថា សមិទ្ធផលផ្លូវបេតុងនាពេលនេះ គឺកើតចេញពីផ្លែផ្កានៃគោលនយោបាយឈ្នះ-ឈ្នះ និងការគិតគូរជាយុទ្ធសាស្ត្ររបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងឱ្យទៅដល់មូលដ្ឋានផ្ទាល់ ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយនោះលោកក៏បានជំរុញ និងណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើស្តង់ដារបច្ចេកទេស ដើម្បីធានាបាននូវគុណភាពរឹងមាំ និងការប្រើប្រាស់បានយូរអង្វែង។

គម្រោងស្ថាបនាផ្លូវបេតុងក្នុងសង្កាត់កំពង់ស្វាយនាពេលនេះ រួមមានចំនួនខ្សែផ្លូវ៦ខ្សែប្រវែងសរុបជាង១,០០០ម៉ែត្រទទឹង ៥ ម៉ែត្រកម្រាស់ ០.១៥ ម៉ែត្រ។ភូមិដែលទទួលបានផលប្រយោជន៍ ភូមិកំពង់ស្វាយ, ភូមិសូភី, ភូមិ២ និងភូមិតារាងបាល់។
នាឱកាសនោះដែរ លោក សឺ ហៀក ចៅសង្កាត់កំពង់ស្វាយ បានឡើងរាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រ ដោយបញ្ជាក់ថា សង្កាត់កំពង់ស្វាយ គឺជាតំបន់ទីប្រជុំជនដ៏សំខាន់មួយនៃក្រុងសិរីសោភ័ណ ដែលលាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៥៦ និងគ្រប់គ្រងភូមិចំនួន ០៩ (រួមមាន៖ ភូមិកំពង់ស្វាយ, ភូមិតារាងបាល់, ភូមិសូភី, ភូមិភ្នំកន្ទួត, ភូមិ២, ខ្លាកូនចាស់, ខ្លាកូនថ្មី, ភូមិពង្រ និងភូមិកងវ៉ា)។

លោកចៅសង្កាត់បានបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន សង្កាត់បាននិងកំពុងដើរតួនាទីយ៉ាងសកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវារដ្ឋបាល និងការអភិវឌ្ឍ។ ផ្អែកលើសមិទ្ធផលជាក់ស្តែង បច្ចុប្បន្នសង្កាត់ទទួលបានការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ ជាពិសេសគឺផ្លូវបេតុងជាច្រើនខ្សែត្រូវបានស្ថាបនាឡើង និងកំពុងបន្តការសាងសង់ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ ជួយសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែធូរធារ និងមានភាពស៊ីវិល័យ។

គួរបញ្ជាក់ផងដែរថា ពិធីបើកការដ្ឋានកសាងផ្លូវបេតុងនាព្រឹកនេះ ត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែជួយដោះស្រាយរាល់ទុក្ខលំបាក និងនាំមកនូវសមិទ្ធផលថ្មីៗជូនពួកគាត់ជាបន្តបន្ទាប់ នាពេលកន្លងមកនេះ៕
ដោយ ឈុន សារ៉ាត





