រុស្ស៊ីបង្ហាញយ៉ាងច្បាស់លាស់ពីចំណាប់អារម្មណ៍ពិតប្រាកដក្នុងការអភិវឌ្ឍអោយបានស៊ីជម្រៅជាមួយបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ -- នៅកិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សានកាលពីពេលថ្មីៗនេះ រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់លាស់ពីចំណាប់អារម្មណ៍ពិតប្រាកដរបស់ខ្លួនក្នុងការអភិវឌ្ឍអោយបានស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្អែកលើប្រពៃណីមិត្តភាព និងបទពិសោធន៍នៃភាពជាដៃគូក្នុងគ្រប់វិស័យ និងប្រកបដោយផ្លែផ្កាជាមួយបណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍ ជាពិសេសជាមួយកម្ពុជា។ នេះបើយោងតាមការឱ្យដឹងពីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា ឯកឧត្តម អាណាតូលី បូរ៉ូវីក។
ក្នុងអំឡុងពេលព្រឹត្តិការណ៍នៅទីក្រុងកាហ្សាននោះ ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សាអំពីប្រធានបទសំខាន់ៗនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លើកចុងក្រោយដែលមេដឹកនាំនៃប្រទេសយើងបានជួបជុំគ្នាដោយផ្ទាល់ គឺកាលពី ៨ឆ្នាំមុននៅក្នុងប្រទេសសិង្ហបុរី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន។ ពេលនោះ ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានពិភាក្សាអំពីគម្រោងវិនិយោគជាមួយលោក Leonid Dolgov នាយកផ្នែកនាំចេញរបស់ក្រុមហ៊ុន GAZ Group។ គួររំលឹកថា កាលពីខែឧសភា ឆ្នាំនេះ ក្រុមហ៊ុន GAZ បានរៀបចំការតាំងពិព័រណ៍ផលិតផលរបស់ខ្លួន និងការបើកបរសាកល្បងនៅភ្នំពេញផងដែរ។
ជាមួយគ្នានោះ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្មរុស្ស៊ី សហប្រធានគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រីកអន្តរកម្មលើគ្រប់វិស័យ និងបានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលរុស្ស៊ី-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស លើកទី១២ ក្នុងឆ្នាំ២០២៧ ខាងមុខនេះ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា ដោយឡែក នៅក្នុងក្របខណ្ឌអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងកាហ្សាននោះ មានការចុះហត្ថលេខាលើឯកសារចំនួនបួនច្បាប់ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងរវាងរុស្ស៊ី និងអាស៊ាន។ សេចក្តីប្រកាសទីក្រុងកាហ្សាន ដែលមានចំណងជើងថា «រុស្ស៊ី-អាស៊ាន៖ ឯកភាពក្នុងភាពចម្រុះ - ៣៥ឆ្នាំជាមួយគ្នា» បានសង្កត់ធ្ងន់ជាពិសេសលើការប្តេជ្ញាចិត្តរបស់រដ្ឋទាំងអស់ចំពោះការបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ ដោយផ្អែកលើគោលការណ៍ដែលទទួលស្គាល់ជាសកលនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងចំណោមឯកសារទាំងបួននេះ ក៏មានផែនការសកម្មភាពរុស្ស៊ី-អាស៊ាន និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងថាមពលផងដែរ។

វេទិកាធុរកិច្ចរុស្ស៊ី-អាស៊ាន ក៏ត្រូវបានធ្វើឡើងផងដែរនៅក្នុងអំឡុងពេលកិច្ចប្រជុំកំពូលនោះ។ តំណាងស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនឈានមុខ និងសមាគមធុរកិច្ច មានឱកាសពិភាក្សាអំពីជំហានជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាការសន្ទនាក្នុងក្របខ័ណ្ឌនៃភាពជាដៃគូ សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី-អាស៊ាន៕
ដោយ៖ យា ចិន្តាខន្តី





